កម្ពុជា-ដាណឺម៉ាក នឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការទូតសេដ្ឋកិច្ច ដើម្បីជំរុញ​ពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើនថែមទៀត


បច្ចុប្បន្ននេះ បើទោះបីជាប្រទេសទាំងពីរកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ដូចគ្នាយ៉ាង ណាក្ដី ប៉ុន្តែកម្ពុជា និងដាណឺម៉ាក បានសន្យាបន្តពង្រឹងវិស័យការទូត សេដ្ឋកិច្ចឱ្យកាន់តែ ខ្លាំងក្លាថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ខណៈដែលទឹកប្រាក់នៃការដោះដូរ​ពាណិជ្ជកម្មកាល​ពីឆ្នាំ២០១៩ សម្រេចបានជាង ៣០០ លាន ដុល្លារអាម៉េរិក។ការសន្យា នេះ បានធ្វើឡើង​នៅក្នុងជំនួបពិភាក្សា និងសម្តែងការគួរសម​រវាង ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងឯកឧត្តម ចន ថូរហ្គាដ (Jon Thorgaard) ឯកអគ្គ​រាជទូតដាណឺម៉ាកថ្មីប្រចាំប្រទេសកម្ពុជា ដែលមាន​និវេសន​ដ្ឋាន​នៅ​ក្នុងព្រះរាជាណា​ចក្រ​ថៃ កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។ នេះបើយោងតាមស្ថានទូតកម្ពុជា​ប្រចាំ​ទីក្រុងបាងកក ប្រទេសថៃ។

 

ឯកឧត្តម អ៊ូក សោភ័ណ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេ​ភាគី​រវាងកម្ពុជា និងដាណឺម៉ាក និងបានជម្រាបជូនពីកិច្ចប្រឹងប្រែងរបស់ស្ថានទូត​ក្នុងការជំរុញ​ការទូត សេដ្ឋកិច្ច ដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ព្រមទាំង​​យុទ្ធសាស្ត្រថៃបូក១ ដើម្បីទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ឱ្យចូលទៅ​កម្សាន្ត និងធ្វើធុរកិច្ចកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម Jon Thorgaard បានជម្រាបជូន ឯកឧត្តម អ៊ូក សោភ័ណ អំពីវិធានការ​ទប់​ស្កាត់​ការឆ្លងជំងឺកូវីដ១៩ ពីមនុស្សទៅសត្វស្ការ (Mink) ដែលចិញ្ចឹមនៅ​តាមកសិដ្ឋាន ធ្វើឱ្យប៉ះពាល់ដល់ការនាំចេញពីដាណឺម៉ាកមកកម្ពុជា។ ឯកឧត្ដមប្រមុខការ​ទូត​រូបនេះ បាន​បង្ហាញសុទិដ្ឋិនិយម ជាមួយការប្តេជ្ញាចិត្តបន្តជំរុញការទូត សេដ្ឋកិច្ច​ជាមួយប្រទេសនានា រាប់ទាំងកម្ពុជាផង ដើម្បីពង្រឹង និងពង្រីកទំហំពាណិជ្ជកម្ម ដោយសារ ឯកឧត្តមជា​ប្រធាន​ក្រុមឯកអគ្គរាជទូតដាណឺម៉ាក​ នៃប្រទេសចំនួន១៧ ក្នុងតំបន់អាស៊ាន៕