អភិបាលខេត្តបន្ទាយមានជ័យរម្លឹកអាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធត្រូវបន្តរួមគ្នាការពារសន្តិភាព និងអភិវឌ្ឍន៍មូលដ្ឋាន


អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានធ្វើការក្រើនរម្លឹកដោយជំរុញដល់​មន្ត្រីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ ជាន់ថ្នាក់ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព និងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើនធ្វើ ឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខសាន្ដ មានជីវភាពកាន់តែធូរធារបន្ថែមទៀត។

ការថ្លែងបែបនេះរបស់ឯកឧត្តម បានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិ បាលអភិបាល​រងស្រុកម៉ាឡៃ ដោយលោកឌៀប ឈួន ត្រូវបានទទួលមុខតំណែងថ្មីជាអភិ បាល​ស្រុកម៉ាឡៃ និងលោកស្រី ជុំ រស្មី ​អភិបាល​រងស្រុកម៉ាឡៃ ​កាលពីថ្ងៃ៤កើត ខែ មិគសិរ ឆ្នាំជូត ទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការ អញ្ជើញចូលរួមពីលោកជំទាវ ​ម៉ៅ ម៉ាល័យ កែគឹម​យ៉ាន ឯកឧត្តម ធូស៊ុន រដ្ឋលេខាធិការ​ក្រសួង​សង្គម​កិច្ចអតីត​យុទ្ធជន​ ឯកឧត្តម សុខ ភាព រដ្ឋលេខាធិការក្រសួង​ការ​ពារជាតិ ​និង លោក លោកស្រី មន្រ្តីរាជការសាលា​ខេត្ត-ស្រុក មន្ទីរ អង្គភាព ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ ជាន់ថ្នាក់​ជា​ច្រើន​ផងដែរ​។

ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុម ប្រឹក្សាស្រុក គណៈអភិបាលស្រុក អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និង​អង្គភាពពាក់ព័ន្ធ ក្នុង​ស្រុកទាំងអស់ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ ​របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបាន ជំរុញការអភិវឌ្ឍស្រុកឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់ សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមកនេះ។​

ជាមួយនេះដែរ ឯកឧត្តមក៏បានថ្លែងនូវការអបអរសាទរ និងបានផ្ដាំផ្ញើដល់អភិបាល​អភិបាលរងស្រុក ដែលទើបទទួលការតែងតាំងមុខតំណែងថ្មីត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាព ផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការចូលរួមក្នុងដំណើរការអភិវឌ្ឍមូលដ្ឋាន ឱ្យមានការ ផ្លាស់ប្តូររីកចម្រើនថែមទៀត។ ដោយឡែកអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស ច្បាប់ និងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការទប់ស្កាត់និងបង្រ្កាបឱ្យ បានចំពោះបទល្មើសគ្រប់ប្រភេទជាពិសេស បទល្មើសប្លន់ប្រដាប់អាវុធ គ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរជាមួយប្រទេសជិតខាងយើង គឺប្រទេសថៃ។ ពិសេសស្រុកដែលមានភូមិសាស្ត្រជាប់គ្នាដើម្បីរួមគ្នាថែរក្សាសន្តិសុខសណ្ដាប់ ធ្នាប់ព្រំ​ដែន និងការបង្ការទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។ ត្រូវបង្កើនការចុះធ្វើវេទិកាសាធារណៈស្តីពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យបានទូលំទូលាយ ដើម្បីធ្វើ យ៉ាងណាឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ហើយចូលរួមទាំងអស់គ្នា។ ការងារដែលសំខាន់ ទៀតនោះហើយត្រូវតែរួមគ្នាគិត រួមគ្នាធ្វើ ក្នុងការបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយត្រូវ អនុវត្តន៍ឱ្យ​បានខ្ជាប់ខ្ជួនតាមវិធានក្រសួងសុខាភិបាល។ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្តល់ សេវារដ្ឋបាល និងសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ឱ្យបានលឿនទាន់ពេលវេលា ដើម្បី បង្កើនជំនឿរបស់ប្រជាពលរដ្ឋ លើការដឹកនាំរបស់រាជរដ្ឋាភិបាល សំដៅចូលរួមអភិវឌ្ឍន៍មូល ដ្ឋានយើងឱ្យកាន់តែមានការរីកចម្រើនថែម​ទៀត ៕