រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំស្តីពីអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍


ព្រះសីហនុ ៖ រសៀលថ្ងៃ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំតាមរយៈ Video Conference ស្តីពីការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីឯកឧត្ដម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងក្រុង ស្រុក ប្រធានមន្ទីរពាក់ពន្ធ័ មន្ត្រីនគរបាលទេសចរណ៍ និងតំណាងសហគមន៍ដឹកជញ្ជូនទេសចរតាមផ្លូវទឹក ។

លោក ម៉ាង ស៊ីណេត មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាក៏ដូចជាពិភពលោកកំពុងជួបបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩  ក៏ប៉ុន្តែប្រទេសកម្ពុជាមានភ័ព្វសំណាងមិនមានការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា កន្លងមក។ ម្យ៉ាងទៀតកម្ពុជាក៏បានបិទបញ្ចប់ការឆ្លងជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍ ០៣វិច្ឆិកា នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។

លោកអភិបាលរងខេត្ត បានបន្តថា ខេត្តព្រះសីហនុក៏មានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣វិច្ឆិកា ២ភូមិផងដែរ មានភូមិជំពូរខ្មៅ ឃុំទួលទទឹង និងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ដោយតម្រូវឱ្យប្រជាពលរដ្ឋទាំងពីរភូមិ ធ្វើចក្តាឡីស័កនៅនឹងកន្លែង ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បានល្អប្រសើរជាងការធ្វើការងារក្នុងរង្វង់ កូវីដ-១៩ ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ការគ្រប់គ្រងអនុវត្តន៍ លើលិខិតបទដ្ឋានគតិយុត្តិ និងចរាចរណ៍លេខ០០៤ របស់ក្រសួងទេសចរ ណ៍ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ដោយបានបង្កើតក្រុមការងារសុវត្ថិភាពទេសចរណ៍តាមខេត្ត ក្រុង ស្រុក ដូចជា៖ទី១.បង្កើតក្រុមការងារជាពីរក្រុម។ ទី២.ការងារផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងមូលដ្ឋានអាជីវកម្មបាន ៤លើក មានអ្នកចូលរួម ៤៥៨នាក់។ទី៣.បើកវគ្គបណ្តុះបណ្តាលបានពីរវគ្គ។ ទី៤.ត្រួតពិនិត្យ និងធ្វើការណែនាំមូលដ្ឋានអាជីវកម្មពាក់ព័ន្ធ លិខិតបទដ្ឋានរបស់ក្រសួងសុខាភិបាល ។ ទន្ទឹមនោះក៏មានបញ្ហាប្រឈមមួយចំនួន ដោយសារតែម្ចាស់អាជីវកម្ម មិនអនុវត្តន៍តាមការណែនាំរបស់ក្រុមការងារ និងទិសដៅបន្តអនុវត្តន៍អប់រំ ផ្សព្វផ្សាយលិខិតបទដ្ឋានក្រសួងសុខាភិបាលដល់មូលដ្ឋានអាជីវកម្ម ដើម្បីធានាឱ្យអាជីវកម្មដំណើរកាន់តែល្អ ដោយរក្សាអំពីវិធានសុវត្ថិភាពទេសចរណ៍ជាចម្បង ។

ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា នេះជាលើកទី១ដែលយើងបើកកិច្ចប្រជុំតាមរយៈ Video Conference ហើយកម្ពុជាធ្វើការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ បានល្អ។ពិសេសក្នុងព្រឹត្តិការ ០៣ វិច្ឆិកា ដោយអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ ដោយទប់ស្កាត់ការរីករាលដាល អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន បន្តផ្សព្វផ្សាយដល់មូលដ្ឋានអាជីវកម្ម និងការណែនាំពីសុវត្ថិភាព និងលិខិតបទដ្ឋានរបស់ក្រសួងសុខាភិបាល សំខាន់អនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍។ ដូច្នេះយើងត្រូវវាយតម្លៃពីសភាពការណ៍ ដើម្បីទទួលបានរបាយការណ៍ជាមូលដ្ឋាន ជំរុញវិធានសុវត្ថិភាពទេសចរណ៍ ឱ្យបានទូលំទូលាយ ហើយអ្វីសំខាន់ត្រូវពង្រឹងយន្តការអនុវត្តន៍ក្នុងក្របខ័ណ្ឌខេត្ត ក្រុង ស្រុក ។ ការងារសំខាន់ពង្រីកការងារអប់រំ ផ្សព្វផ្សាយកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ និងមូលដ្ឋានអាជីវកម្ម ដើម្បីជំរុញទប់ស្កាត់សុវត្ថិភាពទេសចរណ៍ ដល់ឃុំ សង្កាត់ នៅទូទាំងខេត្តព្រះសីហនុឱ្យកាន់តែមានប្រសិទ្ធភាព ៕