ក្រុមប្រឹក្សាខេត្តកំពត រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដើម្បីបង្កើតនូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពបែបប្រជាធិបតេយ្យ


(កំពត)៖ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត នារសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅក្រុងកំពត ដោយចូលរួមពីលោក-លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋពាក់ព័ន្ធ ប្រមាណជិត ៣០០នាក់។

វេទិកានេះមានគោលបំណង បង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពបែបប្រជាធិបតេយ្យ តាមរយះ រួមមាន៖

*ទី១៖ ផ្តល់ព័ត៌មានអំពីសមិទ្ធផល របស់រដ្ឋបាលខេត្ត ដែលសម្រេចបានក្នុងឆ្នាំ២០២០ និងផែនការសកម្មភាពជាអាទិភាពបន្ត។

*ទី២៖ រាយការណ៍អំពីលទ្ធផល ដែលរដ្ឋបាលខេត្ត បានអនុវត្តឆ្លើយតបនឹងបញ្ហា សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩។

*ទី៣៖ ពិភាក្សា រិះរកដំណោះស្រាយរួមគ្នាលើប្រធានបទជាក់លាក់ ដែលជាបញ្ហាប្រឈមមិនទាន់បានដោះស្រាយ នៅតាមមូលដ្ឋាន។

តាមរយៈអង្គវេទិកានេះ ក៏បានពិនិត្យឃើញថា មានការចូលរួមមតិយោបល់របស់ប្រជាពលរដ្ឋបានយ៉ាងផុលផុស បង្ហាញពីស្មារតីចូលរួម និងទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍មូលដ្ឋាន របស់យើងទាំងអស់គ្នា។ ជាក់ស្តែង ជាលទ្ធផលនៅឆ្នាំ២០១៩ សំណូមពរសរុប មានចំនួន ១៥៥ករណី ក្នុងនោះបានដោះស្រាយរួច ១៣៣ករណី កំពុងដោះស្រាយ ១៧ករណី និងមិនទាន់ដោះស្រាយ ០៥ករណី។

ចំពោះលទ្ធផលនៃការឆ្លើយតបដោះស្រាយក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩ ក្រុងកំពត មាន ២២សំណូមពរ រដ្ឋបាលខេត្តបានដោះស្រាយរួច ១៤ករណី កំពុងដោះស្រាយ ០៦ករណី និងមិនទាន់ដោះស្រាយ០២ករណី។

ពាក់ព័ន្ធនឹងការលើកឡើងនៅឆ្នាំ២០២០នេះ វេទិកាក្នុងក្រុងកំពត ជាសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ក្នុងអង្គវេទិកា ចំនួន ០៧បញ្ហាភាគច្រើនពាក់ព័ន្ធកសាងផ្លូវ ភ្លើងអគ្គិសនីបំភ្លឺផ្លូវ ប្រព័ន្ធលូរំដោះទឹក ទំនាស់ដីធ្លី ជាលទ្ធផលនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ក៏បានដោះស្រាយភ្លាមៗ តាមសំណូមពរ របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនូវបញ្ហាកសាងផ្លូវ ភ្លើងបំភ្លឺផ្លូវ និងប្រព័ន្ធលូរំដោះទឹក ហើយបញ្ហានៅសេសសល់ ឯកឧត្តមប្រធានក្រុមសារខេត្ត និងឯកឧត្តមអភិបាលខេត្ត នឹងយកទៅក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា ដោះស្រាយតាមយន្តការផ្សេងៗ ធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការសំណូមពរប្រជាពលរដ្ឋជាក់ស្តែង៕