រដ្ឋសភា បន្តសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៧


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋសភាកម្ពុជា ចាប់ផ្តើមបន្តសម័យប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៧ ទាក់ទងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាដឹកជញ្ជួនតាមផ្លូវអាកាស។ កិច្ចប្រជុំពេញអង្គនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

សេចក្តីព្រាងច្បាប់ទាំង៧ ដែលរដ្ឋសភាកំពុងពិភាក្សា និងអនុម័តនេះ រួមមាន៖

១៖ សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
២៖ សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។
៣៖ សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ។
៤៖ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
៥៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក។
៦៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖ ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរ ក្នុងស្រុកក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ និងពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណលរវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។
៧៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម៕