ឯកឧត្ដម ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៦ តាមរយៈវីដេអូពីចម្ងាយ


ភ្នំពេញ ៖ កាលពីថ្ងៃ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋមន្ត្រី​ដឹកជញ្ជូនអាស៊ាន លើកទី២៦ ព្រមទាំងដៃគូសន្ទនាផ្សេងៗ តាមរយៈវីដេអូពីចម្ងាយ ដែលដឹកនាំកិច្ចប្រជុំដោយរដ្ឋមន្ត្រីដឹកជញ្ជូន ប្រទេសព្រុយណេ។

នៅក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានសហការជាប្រព័ន្ធ និងតាមឋានានុក្រមទាំងរដ្ឋបាលសាធារណៈនិងឯកជន រិះរកគ្រប់នីតិវិធី យន្តការ យុទ្ធសាស្ត្រ និងវិធានការ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ តាមការណែនាំរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជាលទ្ធផល កម្ពុជាគ្មានការឆ្លងរីករាលដាលក្នុងសហគមន៍ និងគ្មានប្រជាពលរដ្ឋណាម្នាក់បានស្លាប់ដោយ សារជំងឺកូវីដ-១៩ ឡើយ ហើយក៏មិនបានដាក់ប្រទេស ឬតំបន់ណាមួយក្នុងភាពមានអាសន្នផងដែរ។ ទោះជាយ៉ាងណាក្ដី កម្ពុជានៅតែប្រកាន់ខ្ជាប់នូវវិធានការការពារ ទប់ស្កាត់របស់ក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាវិធានការការពារ ទប់ស្កាត់របស់អង្គការសុខភាពពិភពលោកយ៉ាងម៉ឺងម៉ាត់បំផុត។

ទន្ទឹមនឹងនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា វិបត្តិកូវីដ-១៩ មិនបានរារាំងកម្ពុជាពីការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឡើយ ជាក់ស្ដែងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពានដទៃទៀតនៅតែបន្តការសាងសង់ជាប្រក្រតី។ ប៉ុន្តែទាំងកម្មករ និងវិស្វករ ត្រូវអនុវត្តន៍តាមវិធានការការពារឱ្យបានខ្ជាប់ខ្ជួន និង​បានគូសបញ្ជាក់បន្ថែមទៀតថា កម្ពុជាបានសហការជាមួយប្រទេសជិតខាងដូចជា ប្រទេសថៃ វៀតណាម និងប្រទេសឡាវ បន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងគ្នាជាធម្មតា តាមរយៈការអនុវត្តវិធានការ និងយន្តការនានាដែលបានកំណត់ ដើម្បីចៀសផុតពីវិបត្តិសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិដែលបង្កឡើងដោយមេរោគកូវីដ-១៩៕