ឯកឧត្ដម ឡុង ឈុនឡៃ បានកោតសរសើរដល់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង ៖ ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត កាលពីថ្ងៃ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមន្ទីរកិច្ចការស្ត្រីនិងកុមារ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរូមពីលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណ:កម្មាធិការពិគ្រោះយោ  បល់កិច្ចការស្ត្រី និងកុមារខេត្ត អនុប្រធាន សមាជិក សមាជិកា តាមមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុង ស្រុក និងអង្គការដៃគូពាក់ព័ន្ធផងដែរ។

ឯកឧត្ដម ឡុង ឈុនឡៃ បានមានប្រសាសន៍កោតសរសើរដល់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ឆ្នាំងព្រមទាំងបានផ្តាំផ្ញើទៅដល់សមាជិកក្នុងគណ:កម្មាធិការស្ត្រី និងកុមារ ត្រូវមានកិច្ចសហការគ្នាឱ្យបានល្អជាងមុនបន្ថែមទៀត និងត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ, ទប់ស្កាត់ការជួញដូរស្រ្តី និងកុមារ, ការកេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារ, ការជួញដូរគ្រឿងញៀន និងចូលរួមរក្សាស្ថិរភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងពីការធ្វើអនាម័យ ដើម្បីការពារពីជំងឺផ្សេងៗ ពិសេសជំងឺកូវីដ-១៩ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ឯកឧត្តមបាបន្តថា ការរៀបចំឱ្យមានកិច្ចប្រជុំ និងពិគ្រោះយោបល់នេះឡើងដើម្បីប្រមូលព័ត៌មានស្ដីពី តម្រូវការចាំបាច់នានារបស់ស្ត្រី កុមារនិង បញ្ហាប្រឈមដើម្បីដាក់វិធានការឆ្លើយតបក្នុងការដោះស្រាយ ការលំបាករបស់គណៈកម្មាធិការស្ត្រីនិងកុមារ នាពេលកន្លងមក ។

ឯកឧត្តម បានកោតសរសើរដល់មន្រ្តីជំនាញគ្រប់អង្គភាពនៃស្ត្រីនិងកុមារ មន្ទីរជំនាញក្នុងខេត្ត និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលកន្លងមកនេះ បានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យចលនារបស់ស្ត្រីនិងកុមារនៅទូទាំងខេត្តកំពង់ឆ្នាំង កាន់តែទទួលបានការរីកចម្រើនជាបន្តបន្ទាប់ ។ ការរីកចម្រើននេះមានសារៈសំខាន់បំផុតជាកញ្ចក់ឆ្លុះបញ្ចាំងអំពីសកម្មភាពនៃការអនុវត្តរបស់គណៈកម្មាធិការស្ត្រីនិងកុមារ មន្រ្តីជំនាញ ទាំងភាពវិជ្ជមាននិងអវិជ្ជមាន ដើម្បីកែលម្អរាល់បញ្ហាអសកម្មដើម្បីឱ្យការអនុវត្តការ ងារនានាកាន់តែអភិវឌ្ឍន៍៕