សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ថ្ងៃនេះព្រឹត្តិការណ៍ ៣វិច្ឆិកា នៅខេត្តរតនគិរី និងព្រះវិហារ បានបិទបញ្ចប់


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍៣វិច្ឆិកា នៅខេត្តរតនគិរី និងខេត្តព្រះវិហារ ក៏បានបិទបញ្ចប់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ ថ្ងៃនេះ នៅខេត្តរតនគិរី និងខេត្តព្រះវិហារ ក៏ត្រូវបានបញ្ចប់នូវព្រឹត្តិការណ៍៣វិច្ឆិកាដែរ ដោយយើងបានកំណត់រយៈពេល នៃការចាប់ផ្តើមយកសំណាកទៅធ្វើតេស្ត ជាមួយនឹងការធ្វើចត្តាឡីស័ក១៤ថ្ងៃ។

ព្រឹត្តិការណ៍៣វិច្ឆិកា នៅក្នុងប្រទេសកម្ពុជា បានកើតឡើងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសហុងគ្រី បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលោករដ្ឋមន្រ្តី ត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ១៩ ក្រោយពេលចាកចេញពីប្រទេសកម្ពុជា ទៅដល់ប្រទេសថៃ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កម្ពុជាបានរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ពោលគឺអ្នកប្រាស្រ័យទាក់ទងជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី សរុប១៨០២នាក់ ដែលក្នុងនោះមាន៤នាក់ប៉ុណ្ណោះ ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ១៩ ហើយក្នុងចំណោមនោះ ក៏មាន៣នាក់ផងដែរ ត្រូវបានព្យាបាលជាសះស្បើយ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ព្រឹត្តិការណ៍៣វិច្ឆិកានោះ ក៏បានរាលដាលដល់១១ខេត្ត នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះមានរាជធានីភ្នំពេញ កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ កែប ព្រះសីហនុ ព្រៃវែង កំពង់ចាម កំពង់ធំ ព្រះវិហារ និងរតនគិរីជាដើម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា៖ ខ្ញុំអាចនិយាយដោយមោទនភាពថា សំណុំបញ្ហាដ៏សាំញ៉ាំ នៃព្រឹត្តិការណ៍៣វិច្ឆិកា មិនមែនជារឿងតូចតាចទេ គឺជារឿងធំណាស់ ប្រសិនបើយើងគ្មានយន្តការប្រតិកម្មរហ័សពីក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធ យើងមិនអា ចគ្រប់គ្រងសភាពការណ៍នេះបានទេ ឧទាហរណ៍ ប្រសិនបើយើងមិនអាចគ្រប់គ្រងសភាពការណ៍នេះទាន់ វានឹងអាចឆ្លងដល់សហគមន៍ ពេលនោះហើយបញ្ហាវានឹងកើតឡើង ប៉ុន្តែយើងកម្រិតត្រឹមតែមនុស្ស៤នាក់ប៉ុណ្ណោះដែលបានឆ្លង។

សម្តេចចាត់ទុកថា ជោគជ័យរបស់កម្ពុជា ក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា គឺដោយសារការចូលរួមពីភាគីពាក់ព័ន្ធ ដោយក្នុងនោះមានការធ្វើចត្តាឡីស័កបានត្រឹមត្រូវ និងធ្វើតេស្តបានម៉ត់ចត់។ សម្តេចបានថ្លែងអំណរគុណ ដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលចូលរួមធ្វើឱ្យជោគជ័យ និងបិទបញ្ចប់នូវព្រឹត្តិការណ៍៣វិច្ឆិកា ដែលសម្តេចចាត់ទុកថា ជាមហន្តរាយសុខភាពសាធារណៈមួយ៕