ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី៖ កម្ពុជាបានប្តេជ្ញាចិត្តបញ្ចប់ភាពអត់ឃ្លាន និងបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ក្នុងប្រទេសនៅឆ្នាំ២០៣០


(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមទិវាជាតិអាហារូបត្ថម្ភលើកទី៧ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីរបបអាហារសុខភាព» ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ តំណាងស្ថានទូតសហព័ន្ឋអាឡឺម៉ង់ប្រចាំប្រទេសកម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍន៍ បណ្តាញអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភនៅកម្ពុជា ងភ្ញៀវជាតិ-អន្តរជាតិសរុបចំនួន៥៧០នាក់។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៦ វិច្ឆិកា ជាទិវាជាតិអាហារូបត្ថម្ភ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ឲ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស អំពីសារសំខាន់ នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនផលិតភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។

ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ថា រដ្ឋបាលខេត្តកំពង់ចាម បានត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដៃគូអភិវឌ្ឍន៏ និងសង្គមស៊ីវិល ដើម្បីអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីពង្រឹងការអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ពិសេសអនុសាសន៍ទី៥ ដែលលើកឡើងថា៖ រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរាជធានី-ខេត្ត និងរៀបចំទិវាអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ក៏ដូចជាអនុសាសន៍ទី៦ ដែលបានបញ្ចាក់ថា រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំបញ្ជ្រាបការងារសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ សង្កាត់ ដើម្បីលើកកម្ពស់វិស័យសន្តិសុខ ស្បៀងនិងអាហារូបត្ថម្ភ នៅថ្នាក់ក្រោមជាតិ។

ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនាមជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ បានប្តេជ្ញាចិត្តបញ្ចប់ភាពអត់ឃ្លាន និងបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ក្នុងប្រទេសនៅឆ្នាំ២០៣០ ដែលស្របតាមក្នុងគោលដៅទី២ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពឆ្នាំ២០៣០ បានបញ្ចាក់ច្បាស់ថាបញ្ចប់ភាពអត់ឃ្លាននៅក្នុងពិភពលោក និងបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ និងធានាថា ប្រជាជនគ្រប់រូបពិសេសកុមារមានអាហារូបត្ថម្ភល្អ និងមានលទ្ធភាពទទួលបានស្បៀងគ្រប់គ្រាន់រាល់ឆ្នាំ៕