អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រៀមអ៊ុតបេទីមផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ


ព្រះសីហនុ៖ ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនស្ថាបនាផ្លូវ ៣៤ខ្សែ និងក្រុមហ៊ុនអ៊ុតបេទីមផ្លូវក្នុងក្រុងព្រះសីហនុ ត្រៀមអ៊ុតបេទីមលើខ្សែផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីអភិបាលក្រុង ស្រុក មន្ទីរពាក់ព័ន្ធ នាយកទីចាត់ការសាលាខេត្ត និងក្រុមហ៊ុនស្ថាបនា នារសៀលថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំថា ដោយមានការឯកភាពពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្រុមការងាររៀបចំអ៊ុតបេទីមលើខ្សែផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ហើយគម្រោងនេះ ចាប់ផ្តើមនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ខាងមុខ ។ ដូច្នេះក្រុមហ៊ុនអ៊ុតបេទីម អាចរៀបចំដំណើរការបានតាមកិច្ចសន្យារវាងរដ្ឋបាលខេត្ត ជាមួយក្រុមហ៊ុនអ៊ុតបេទីមទាំង ០៣ក្រុមហ៊ុន ។ ជំហានដំបូងយើងធ្វើការអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុន និងបន្តទៅខ្សែផ្លូវផ្សេងទៀតតាមផែនការ និងពេលវេលា ។

ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមហ៊ុនស្ថាបនាផ្លូវទាំងអស់ត្រូវធ្វើការសម្អាតខ្សែផ្លូវដើម្បីបង្កលក្ខណៈងាយស្រួលឱ្យក្រុមហ៊ុនអ៊ុតបេទីម មានលទ្ធភាពងាយស្រួលបំពេញការងារតាមផែនការដែលបានគ្រោងទុក ។ ព្រមទាំងបានសំណូមពរឱ្យក្រុមហ៊ុនទាំងពីរ គឺក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីម ត្រូវសហការគ្នា ដើម្បីឱ្យដំណើរការស្ថាបនា និងអ៊ុតបេទីមធានាបាននូវបរិមាណ គុណភាព និងសោភណភាពក្រុងព្រះសីហនុរបស់យើង បម្រើឱ្យវិស័យទេសចរណ៍ និងវិនិយោគនៅពេលខាងមុខ ។

សូមបញ្ជាក់ថា ក្រុមហ៊ុនអ៊ុតបេទីមទាំង០៣ ដែលទទួលអ៊ុតបេទីម លើខ្សែផ្លូវ៣៤ខ្សែ មាន ១.ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួលផ្លូវ ៥ខ្សែ។ ២.ក្រុមហ៊ុន TCM Engineering Co., LTD ទទួលបានផ្លូវ ១២ខ្សែ។ ៣.ក្រុមហ៊ុន LS Construction (Lee service Cambodia PTC., LTD ទទួលផ្លូវ ១៧ខ្សែ ៕