សិក្ខាសាលាផ្សព្វផ្សាយនិងជំរុញការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនពិការ


ទីស្តីការគណៈរដ្ឋមន្ត្រី÷ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម សយ សុខា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារសកម្មភាពជនពិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រួមទាំងមន្ត្រីប្រមាណជាង៥០រូបមកពីអង្គភាពចំណុះនានានៃទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនិងជំរុញការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនពិការ ដែលបានរៀបចំឡើងដោយក្រុមការងារសកម្មភាពជនពិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានសហការណ៍ជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។
តាមរយៈសិក្ខាសាលានេះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើដល់ក្រុមការងារសកម្មភាពជនពិការនៃទីស្ដីការគណៈរដ្ឋមន្ត្រីលើកទឹកចិត្តនិងគិតគូរអំពីការផ្ដល់មុខតំណែងដល់មន្ត្រីរាជការដែលមានពិការភាពកំពុងបំរើការនៅទីស្ដីការគណៈរដ្ឋមន្ត្រី។
“សិក្ខាសាលានេះគឺជាផ្នែកមួយនៃការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិជនមានពិការភាពដែលរាជរដ្ឋាភិបាលកម្ពុជាតែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខុមាលភាពរបស់ជនមានពិការភាព”៕