ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ជាមួយកម្មករ កម្មការិនីប្រមាណជាង ២០០០ នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ។
ពិធីសំណេះសំណាលនាពេលនេះ ស្របទៅនឹងការរៀបចំខួបលើកទី១៣១ ទិវាពលកម្មអន្តរជាតិ ១ ឧសភា និងការអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វសក ពុទ្ធសករាជ ២៥៦១ ។
តាមរបាយការណ៍របស់ម្ចាស់តំបន់ បានឱ្យដឹងថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មានរោងចក្រចំនួន ១០៩ និងមានកម្មករនិយោជិតប្រមាណ ១៦០០០ នាក់។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរចំពោះបងប្អូនកម្មករនិយោជិតនៃតំបន់សេដ្ឋកិច្ចពិសេស ដែលបានយកចិត្តបំពេញការងារប្រកបដោយវិជ្ជាជីវៈ រក្សាសុខដុមរម្យនាក្នុងរោងចក្រ ដែលជាឆ្នាំបាយរួមរបស់បងប្អូនទាំងអស់គ្នា។ ព្រមជាមួយនោះឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនកម្មករនិយោជិត សូមយកចិត្តទុកដាក់បន្តសិក្សាមុខជំនាញបន្ថែមទៀត ដែលនៅពេលខាងមុខមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ក្រោមជំនួយរបស់រដ្ឋាភិបាលចិន នឹងត្រូវសាងសង់ហើយរួចរាល់នៅពេលខាងមុខ និងអំពាវនាវដល់អ្នកបើកបររថយន្តដឹកកម្មករ សូមបើកបរគោរពច្បាប់ប្រកបដោយសុវត្តិភាព ជៀសវាងកុំឱ្យមានឧបទ្ទវហេតុផ្សេងៗកើតឡើង ដែលនាំឱ្យបាត់បង់អាយុជីវិត និងរងរបួស។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានជម្រាបជូនអង្គពិធីអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ បង្កើនឱកាសការងារ បង្កើតបរិយាកាសការងារ ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យសមស្របតាមតម្រូវការទីផ្សារការងារ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម កសាងហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងខឿនសេដ្ឋកិច្ចជាតិ ដោយរក្សាបានកំណើនថេរជាមធ្យមប្រចាំឆ្នាំ៧% អត្រាភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយមកត្រឹម១៣,៥% និងអត្រាអត់ការងារធ្វើចំនួន០,៧%។ ប្រែក្លាយប្រទេសកម្ពុជាពីប្រទេសដែលមានចំណូលកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងកំពុងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ការតម្លើងប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិត ចំនួន ១៥៣ ដុល្លា រួមនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗបានទទួលពី១៧០ ដុល្លា ទៅ១៨១ដុល្លា សម្រាប់ឆ្នាំ២០១៧ ការផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗតាមរយៈបេឡាជាតិរបបសន្តិសុខសង្គមដូចជារបបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តនៅពេលខាងមុខ
ការលើកលែងការបង់ពន្ធលើប្រាក់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត ការតម្លើងប្រាក់បៀវត្សមន្រ្តីរាជការឱ្យបានយ៉ាងតិច ១ លានរៀល លើកលែងការបង់ពន្ធក្នុងការផ្ទេរទ្រព្យសម្បត្តិពីឪពុកម្តាយទៅកូន លើកលែងការបង់ថ្លៃប្រថាប់ត្រា ការធ្វើសំបុត្រកំណើត សំបុត្រមរណៈភាព អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ និងលិខិតបញ្ជាក់នានាដោយឥតបង់ថ្លៃ ការកាត់បន្ថយអត្រាប្រាក់កម្ចីនៅត្រឹម ១៨% និងការគិតគូរដល់ការផ្តល់សេវា និងភាពងាយស្រួលជូនប្រជាជនកាន់តែច្រើនថែមទៀត។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ដល់រោងចក្រទាំងអស់ក្នុងតំបន់ សូមខិតខំអនុវត្តតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គមជាពិសេសរបបហានិភ័យការងារ និងរបបថែទាំសុខភាពឱ្យបាន១០០% ។ និយោជក និងកម្មករនិយោជិតត្រូវរក្សាឱ្យបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដោយចាត់ទុករោងចក្រជាឆ្នាំងបាយរួម ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។
ឯកឧត្តមក៏បានអំពាវនាវឱ្យកម្មករនិយោជិតទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។
នាឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានជូនពរដល់បងប្អូនកម្មករនិយោជិតទាំងអស់ ក្នុងឱកាសឆ្នាំថ្មី សូមសមប្រកបតែនឹងពុទ្ធពរទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។