ក្រសួងអភិវឌ្ឍន៍ជនបទ ចេញសេចក្ដីណែនាំ ពីការចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ខ្លួន


(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រោមឱវាទក្រសួង ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។

ក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងមាន «ការឆ្លងចូលសហគមន៍ជាលើកដំបូងនៅកម្ពុជា» និងស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បន្តអំពាវនាវឱ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្រសួងអភិវឌ្ឍន៍ជនបទ សូមធ្វើការណែនាំ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រោមឱវាទក្រសួង មេត្តាចូលរួមអនុវត្តន៍តាមវិធានការ ណែនាំឱ្យបានខ្ជាប់ខ្ជួនដូចខាងក្រោម៖

១៖ ត្រូវបង្កើនការយកចិត្តទុកដាក់ការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារតាមរយៈការពាក់ម៉ាស់ និងលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល ឬដែល និងកុំយកដៃដែលមិនបាន លាងសម្អាត មកប៉ះផ្ទៃមុខមាត់របស់ខ្លួន។

២៖ ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលឱ្យលើសពីមួយម៉ែត្រកន្លះឡើងទៅ ជាចាំបាច់។

៣៖ រាល់សិក្ខាសាលា វគ្គបណ្ដុះបណ្ដាល វគ្គផ្សព្វផ្សាយ និងកិច្ចប្រជុំផ្សេងៗ ត្រូវគោរពឱ្យបានម៉ឺងម៉ាត់ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវសុំគោលការណ៍អនុញ្ញាតពី បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ជាមុនសិន។

៤៖ នាយកដ្ឋានថែទាំសុខភាពជនបទ ត្រូវបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ អង្គការដៃគូនានា ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះផ្សព្វផ្សាយតាមខ្លឹមសារបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

៥៖ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការទាំងឡាយណា ដែលកត់សម្គាល់ឃើញថាមានការជាប់ពាក់ ព័ន្ធនៅទីកន្លែងណាមួយ ក្នុងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា សូមឱ្យពិនិត្យលទ្ធភាពធ្វើចត្តាឡីស័ក ដោយខ្លួនឯងសិន ដោយគោរពតាមគោលការណ៍នានា ដែលចេញដោយក្រសួងសុខាភិបាល ព្រមទាំង រាយការណ៍ជាបន្ទាន់មកក្រសួង។

៦៖ មន្ត្រីរាជការគ្រប់រូបត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ករណីមានការសង្ស័យ «ក្នុងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា» ត្រូវស្វែងរកការព្យាបាលឱ្យបានឆាប់រហ័ស ឬទំនាក់ទំនង ទូរសព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខាភិបាល លេខ ១១៥ ជាបន្ទាន់៕