ក្រសួងយុត្តិធម៌ ណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ចូលរួមទប់ស្កាត់កុំឲ្យកូវីដ១៩ រាលដាលក្នុងសហគមន៍ថែមទៀត ក្រោយព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»


(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ ចូលរួមទប់ស្កាត់កុំឲ្យកូវីដ១៩ រាលដាលក្នុងសហគមន៍ថែមទៀត ក្រោយព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។

សេចក្តីណែនាំរបស់ក្រសួងយុត្តិធម៌ បានលើកឡើងថា ដើម្បីចូលរួមធានាភាពម្ចាស់ការ ក្នុងការគ្រប់គ្រង ទប់ស្កាត់ និងការពារកុំឱ្យជំងឺកូវីដ-១៩ មាន ការរីករាលដាលក្នុងសហគមន៍បន្ថែមថែមទៀត ក្រោយព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកានេះ ក្រសួងយុត្តិធម៌ សូមធ្វើការណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ នៃក្រសួងយុត្តិធម៌ដូចតទៅ៖

ទី១៖ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីដែលមានការពាក់ព័ន្ធទោះដោយផ្ទាល់ ឬដោយប្រយោល សូមធ្វើការងារពីចម្ងាយដោយពុំចាំបាច់ មកកាន់ក្រសួងយុត្តិធម៌ ក្នុងរយៈពេលនៃការធ្វើចត្តាឡីស័កនេះ។ ទន្ទឹមនឹងនេះ ក្រសួងសូមលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីដែលមានការពាក់ព័ន្ធ ទោះដោយផ្ទាល់ ឬដោយប្រយោល អញ្ជើញទៅពិនិត្យ និងដកយកសំណាក ដើម្បីធ្វើតេស្តនៅតាមទីកន្លែងដែលកំណត់ ដោយក្រសួងសុខាភិបាល។

ទី២៖ ដើម្បីធានានិរន្តភាពការងារ ចំពោះមន្ត្រីដែលមិនមានការពាក់ព័ន្ធ សូមមកបំពេញការងារប្រចាំថ្ងៃជាធម្មតា ដោយប្រកាន់ខ្ជាប់នូវវិធានសុវត្ថិភាព ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺត្រូវពាក់ម៉ាស់, លាងអាល់កុលសម្លាប់មេរោគឱ្យបានញឹកញាប់ និងត្រូវរក្សាគំលាតសុវត្ថិភាព រួមទាំង វិធានអនាម័យ និងសុវត្ថិភាពលើគ្រប់ឯកសារផងដែរ។ បន្ថែមពីនេះ ចំពោះអ្នកដែលមានការពាក់ព័ន្ធ អាចប្រគល់ការទទួលខុសត្រូវជូនអ្នកដែលមិនមានការពាក់ព័ន្ធ ដើម្បីធ្វើកិច្ចការ ចាំបាច់មួយចំនួនជំនួស។ ករណីនេះ អនុវត្តដូចគ្នាផងដែរចំពោះ អគ្គាធិការដ្ឋានកិច្ចការតុលាការ និងអគ្គលេខាធិការដ្ឋាន។

ទី៣៖ ក្រុមជំនួយការនៅខុទ្ទកាល័យ និងជំនួយការដែលមិនមានការពាក់ព័ន្ធដោយផ្ទាល់ជាមួយ លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង នឹងនៅបន្តមកបំពេញការងារ ក៏ដូចជាសម្របសម្រួលការងារចាំបាច់ ចំពោះមុខ ក្នុងរយៈពេលធ្វើចត្តាឡីស័ករបស់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីដែលមានការពាក់ព័ន្ធ។

ទី៤៖ ក្រសួងនឹងបន្តតាមដានជាប់ជាប្រចាំ នូវការវិវត្តន៍នៃសភាពការណ៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដើម្បីដាក់ចេញនូវវិធានការចំបាច់បន្ទាន់ណាមួយ នាពេលខាងមុខ៕