សម្តេចតេជោ ហ៊ុន សែន៖ ពេលនេះមិនមែនជាពេលវេលាត្រូវស្តីបន្ទោស និងទម្លាក់កំហុសឲ្យគ្នានោះទេ តែជាពេលវេលាត្រូវសាមគ្គីគ្នា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩


(សៀមរាប)៖ ថ្លែងចេញពីទីក្រុងសៀមរាប ដែនដីអង្គរដ៏បវរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រសិទ្ធនាមហេតុការណ៍ ឆ្លងរាលដាល់នៃជំងឺកូវីដ១៩ ចូលសហគមន៍លើកដំបូង លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារថា ជា «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា»។

ជាមួយនឹងប្រសិទ្ធនាមជាព្រឹត្តិការណ៍នេះហើយនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលក៏លើកឡើងថា នៅពេលនេះជាពេលវេលា ដែលប្រជាពលរដ្ឋខ្មែរ ត្រូវរួមសាមគ្គីគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ មិនមែនជាពេលវេលាដែលត្រូវបន្ទោសឲ្យគ្នា ឬទម្លាក់កំហុសឲ្យនរណានោះទេ។

ថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងយ៉ងដូច្នេះថា «ពេលនេះមិនមែនជាពេលវេលាដែលត្រូវស្តីបន្ទោសគ្នា ហើយក៏មិនមែនជាពេលវេលា ដែលត្រូវទម្លាក់កំហុសឲ្យអ្នកនេះ ឬអ្នកនោះទេ តែគឺជាពេលវេលា ដែលយើងត្រូវសាមគ្គីភាពគ្នា ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩»។

សម្តេតេជោ ហ៊ុន សែន បានថ្លែងជំរុញឲ្យធ្វើការរុករកស្រាវជ្រាវអ្នកប៉ះពាល់ «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» មកធ្វើតេស្តឲ្យបានលឿនបំផុត និងទ្រង់ទ្រាយធំជាងពេលណាៗទាំងអស់។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវការសោកស្តាយ ចំពោះការកើតឡើងនូវព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា តែសម្តេចបញ្ជាក់ថា បញ្ហាបែបនេះ មិនមែនកើតឡើងតែនៅកម្ពុជានោះទេ។ នៅកម្ពុជារយៈពេល១១ខែកន្លងមកនេះ បានបញ្ជៀសនៃការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ដោយកម្ពុជាបានខិតខំប្រយុទ្ធ នៅលើសមរភូមិចំនួន៣ គឺ១៖ ទប់ស្កាត់នៃការនាំចូល, ២៖ ទប់ស្កាត់កុំឲ្យមានការឆ្លងចូលក្នុងសហគមន៍ និង៣៖ ការព្យាបាលអ្នកឆ្លងកូវីដ១៩ ឲ្យជាសះស្បើយឡើងវិញ។ កម្ពុជាជោគជ័យលើសមរភូមិចំនួន២ គឺទប់ស្កាត់នៃការនាំចូល ដែលកន្លងមកនេះអ្នកឆ្លង១០០% ជាអ្នកមកពីក្រៅប្រទេស និងការព្យាបាលអ្នកជំងឺជាសះស្បើយ ហើយទើបតែទី២៨ ខែវិច្ឆិកា ២០២០ កើតមានករណីឆ្លងចូលសហគម៍លើកដំបូង។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ទើបតែថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាកើតមានការឆ្លងជំងឺកូវីដ១៩ ចូលសហគមន៍ជាលើកដំបូង ដែលទាមទារឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ឲ្យបានឆាប់។

សូមជម្រាបថា ត្រឹមនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់ «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ចំនួន៣៣៣២ នាក់ (នៅភ្នំពេញ និងខេត្តចំនួន៧) តែការវិភាគអាចធ្វើបានតែ ២២៤៨សំណាក់ (ត្រឹមម៉ោង១៖៣០នាទី ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០) ដែលក្នុងចំនួននេះ លទ្ធផលបង្ហាញថា មានវិជ្ជមានកូវីដ១៩ ចំនួន១៤នាក់ រីឯចំនួន២ ២៣៤នាក់ គឺអវិជ្ជមានវីរុសកូវីដ១៩។ ចំនួននៅសល់ ១០៨៤នាក់ទៀត នឹងបន្តវិភាគ។

ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធជាមួយនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» សូមអញ្ជើញទៅធ្វើតេស្តរកវីរុសកូវីដ-១៩ នៅតាមទីតាំង៖ បរិវេណផ្សារអីអន១ បរិវេណក្រសួងមហាផ្ទៃ បរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (សម្រាប់សិស្សសាលា និងលោកគ្រូអ្នកគ្រូដែលពាក់ព័ន្ធ) និងនៅពន្ធនាគារព្រៃស (សម្រាប់អ្នកពាក់ព័ន្ធកន្លែងនោះ)។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣២៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០១នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ២២នាក់៕