លទ្ធផលធ្វើតេស្តរបស់អាកាសយានិករបស់សម្តេចតេជោ ហ៊ុន សែន ចំនួន៣៣នាក់ អវិជ្ជមានកូវីដ១៩


(ភ្នំពេញ)៖ អាកាសយានិករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សរុបចំនួន៣៣នាក់ បានអវិជ្ជមានមេរោគកូវីដ១៩ ក្នុងការធ្វើតេស្តនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ នេះបើតាម លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន។

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានធ្វើតេស្តរកមេរោគកូវីដ១៩ លើមនុស្សប្រមាណជាង២ពាន់នាក់ថែមទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ខណៈដែលសំណាកទើបនឹងធ្វើតេស្ដបានចំនួន ២,២៤៧សំណាក់ ក្នុងចំណោម៣,៣៣២សំណាក់។

«ព្រឹត្តិការណ៍ឆ្លងចូលសហគមន៍២៨វិច្ឆិកា» បានកើតឡើងបន្ទាប់ពីកម្ពុជា បានរកឃើញករណីឆ្លងកូវីដ១៩ លើខ្លួនស្រ្តីម្នាក់ដែលជាភរិយារបស់ អគ្គនាយកពន្ធនាគារ ដែលរូបគាត់ពុំអាចដឹងថា បានឆ្លងកូវីដ១៩ ពីនរណានោះឡើយ។ ករណីនេះ បានរាលដាលកាន់តែធំ ដែលរហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញមនុស្សសរុប១៤នាក់ហើយ មានជំងឺកូវីដ១៩ ក្នុងចំណោមអ្នកពាក់ព័ន្ធនឹង អគ្គនាយកពន្ធនាគារ និងភរិយារបស់គាត់រាប់ពាន់នាក់។

រាជរដ្ឋាភិបាល បានចាត់វិធានការនានាជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាល ក្នុងរយៈពេល១៥ថ្ងៃខាងមុខនេះ៕