សម្តេចតេជោ ហ៊ុន សែន សម្រេចលុបចោល កម្មវិធីតភ្ជាប់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី៧ ខែធ្នូ ខាងមុខ


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសសម្រេចលុបចោល កម្មវិធីការភ្ជាប់ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នៃខេត្តកំពង់ចាម-ត្បូងឃ្មុំ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ដោយសារតែបញ្ហាកូវីដ-១៩។

ការប្រកាសសម្រេចលុបចោល កម្មវិធីតភ្ជាប់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ ចំនួន៣៨ខ្សែ នៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំស្នើឲ្យឯកឧត្ដម ស៊ុន ចាន់ថុល លុបចោលកម្មវិធី នៃការភ្ជាប់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នៃខេត្តកំពង់ចាម-ត្បូងឃ្មុំ នៅថ្ងៃទី០៧ ខែធ្នូ ខាងមុខនេះ ដោយសារបញ្ហាកូវីដ-១៩។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យចូលរួមអនុវត្តន៍ វិធានការការពារជំងឺកូវីដ១៩ កាត់បន្ថយការជួបជុំ ប្រមូលផ្តុំ និងចេញក្រៅផ្ទះ។ បើសង្ស័យកុំប៉ះពាល់គ្រួសារ ហើយប្រញាប់ធ្វើតេស្តផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មនុស្សនៅលើពិភពលោក ស្អប់កូវីដ១៩ តែកូវីដ១៩ វាមិនស្អប់ ហើយស្រឡាញ់មនុស្សថែមទៀតផង។ សម្ដេចតេជោ បានថ្លែងថា ដើម្បីប្រយុទ្ធជាមួយកូវីដ១៩ ត្រូវធ្វើជាអ្នកខ្លាច និងជាអ្នកចុះចាញ់វា តែមិនត្រូវតក់ស្លុត ឬស្លន់ស្លោនោះឡើយ។

សូមបញ្ជាក់ថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុប ៥៦.៩៩លានដុល្លារសហរដ្ឋអាមេរិក នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ។

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែងសរុប១,១៣១ម៉ែត្រ និងទទឹង ១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ដែលតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕