មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមមណ្ឌលទីតាំងសំខាន់ ៗ កំពុងធ្វើចត្តាឡីស័ក


ឧត្តរមានជ័យ ៖ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០បានថ្លែងប្រាប់ឱ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងសំខាន់ៗ ក្រោយមន្ត្រីអាវុធហត្ថ ពន្ធនា គារ និងនគរបាល ក្នុងខេត្តចំនួន៣៨នាក់ កំពុងធ្វើចត្តាឡីសក័ ។ ការចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩នេះ គឺធ្វើនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត នៅក្នុងមណ្ឌលចត្តាឡីស័កកម្រិត២ នៅផ្ទះសំណាក់ឧត្តមរដ្ឋា និងនៅក្នុងពន្ធនាគារ ខេត្តឧត្តរមានជ័យ ។

លោកវេជ្ជបណ្ឌិតបន្តថា ការចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងទាំងនេះគឺក្រោយមានមន្ត្រីចំនួន៣៨នាក់ មកពីពន្ធនាគារខេត្តចំនួន៣២នាក់ មន្ត្រីកងរាជអាវុធហត្ថខេត្តចំនួន៥នាក់ និងមន្ត្រីនគរបាលចំនួន១នាក់ កំពុងធ្វើចត្តាឡីសក័នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ។កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានមន្ត្រី១២នាក់បានធ្វើចត្តាឡីសក័ ហើយនៅថ្ងៃនេះមន្ត្រីពន្ធនាគារខេត្តចំនួន២៦នាក់ទៀត ក្នុងនោះមានស្រីចំនួន៦នាក់ ក៏បានធ្វើចត្តាឡីសក័ដែរ គឺក្រោយពួកគាត់មានការពាក់ព័ន្ធ បានចូលរួមក្នុងកម្មវិធីប្រជុំកាលទី១២ ខែវិច្ឆិកា ឆ្នាំ២០២០មកម្លេះ បើគិតមកដល់ថ្ងៃនេះមានរយៈពេល១៨ថ្ងៃហើយ ។

លោកប្រធានមន្ទីរបន្តទៀតថា ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ តម្រូវឱ្យពួកគាត់ទាំង៣៨នាក់នេះ ធ្វើចត្តាឡីសក័នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ បើទោះជារហូតមកដល់ថ្ងៃនេះពួកគាត់មានសុខភាពធម្មតាល្អក៏ដោយ។

លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ កុំមានការព្រួយបារម្ភ ព្រោះថារហូតមកដល់ម៉ោងនេះ គ្មានបងប្អូនណាម្នាក់នៅក្នុងខេត្តឧត្តរមានជ័យយើង មានផ្ទុកមេរោគកូវីដ-១៩នោះទ។ ប៉ុន្តែត្រូវបន្តប្រុងប្រយត្ន័ការពារខ្លួនជានិច្ច ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារកុំឱ្យមានការឆ្លងជំងឺកូវីដ-១៩នេះ ។

សូមបញ្ជាក់ថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកដំបូងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយ។ ដោយសារតែករណីឆ្លងកូវីដថ្មីលើកនេះ មិនមានប្រភពច្បាស់លាស់ថាចេញមកពីណានោះ ទើបសម្តេចតេជោ ហ៊ុន សែន ហៅករណីនេះថាជាព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីមួយចំនួនថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍នេះកើនឡើនដល់ ១៤នាក់។ គិតត្រឹមម៉ោង៧ៈ០០នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩នាក់ សរុបចំនួន ៣២៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០១នាក់ និង មានចំនួន២២នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕