រាជរដ្ឋាភិបាល សម្រេចផ្អាកការរៀបចំទិវាជនពិការកម្ពុជាលើកទី២២ និងអន្តរជាតិលើកទី៣៨ ប៉ុន្តែអនុញ្ញាតឱ្យក្រុមការងារ ចុះសួរសុខទុក្ខជនមានពិការភាពជំនួស


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការរៀបចំទិវាជនពិការកម្ពុជាលើកទី២២ និងអន្តរជាតិលើកទី៣៨ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមលិខិតទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើជូនរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ។

ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមការងារក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចុះសួរសុខទុក្ខជនមានពិការភាពនៅតាមមជ្ឈមណ្ឌល និងទីតាំងរស់នៅជំនួសវិញ។ នេះបើតាមលិខិតដដែល។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីការផ្អាកការរៀបចំទិវាជនពិការកម្ពុជាលើកទី២២ និងអន្តរជាតិលើកទី៣៨ នាពេលនេះ ធ្វើឡើងបន្ទាប់ពីមានចំណារដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ការសម្រេចផ្អាកការរៀបចំទិវាជនពិការកម្ពុជាលើកទី២២ និងអន្តរជាតិលើកទី៣៨ ឆ្នាំនេះ ក៏ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានរកឃើញនូវករណីឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ជាលើកដំបូង ចាប់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ មក ដែលតម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការនានាជាបន្ទាន់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះបន្តទៀត។

គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៦នាក់ (ស្ត្រី ៧៣នាក់ និងបុរស ២៥៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់៕