កិច្ច​ប្រជុំ​ពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហព័ន្ធរុស៊្សីប្រចាំកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ


ភ្នំពេញ ៖ កាលពីថ្ងៃ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពសហព័ន្ធរុស៊្សីប្រចាំកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ។

កិច្ចពិភាក្សានេះផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងការពិនិត្យលទ្ធភាពក្នុងការសិក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-រុស៊្សី នាពេលអនាគត។

នៅក្នុង​ឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបាន​មានប្រសាសន៍អំពីការសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០កន្លងទៅ និងដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) ដែលបានបញ្ចប់ជុំទី៤ នៅខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋលេខាធិការបាន​មាន​ប្រសាសន៍បន្ថែមទៀតថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ថែមលើកិច្ចព្រមព្រៀងដែលមានស្រាប់ក្នុងក្របខ័ណ្ឌអាស៊ាន+១ (ជាមួយចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ និងហុងកុង) បាន និងកំពុងផ្តល់ទីផ្សារយ៉ាងធំទូលាយដល់កម្ពុជា។ ក្នុងបរិការណ៍នេះកម្ពុជាត្រូវការការវិនិយោគបន្ថែមទៀតពីសហព័ន្ធរុស៊្សី ពិសេសផ្នែកម៉ាស៊ីនធុនស្រាល និងមធ្យម ដើម្បីពង្រឹងវិស័យឧស្សាហកម្មកម្ពុជា សម្រាប់បង្កើនការប្រកួតប្រជែងក្នុងការនាំចេញ។ ក្នុងស្មារតីនេះ កម្ពុជាបង្ហាញបំណងសិក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-រុស៊្សី ឱ្យបានឆាប់តាមដែលអាចធ្វើបាន។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើភាគីរុស៊្សីឱ្យអញ្ជើញធុរជន និង វិនិយោគិនកម្ពុជា ចូលរួមកម្មវិធីនានា របស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មរុស៊្សីនាពេលខាងមុខ ដើម្បីទទួលបានកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគផ្តល់ដោយសហព័ន្ធ រុស៊្សីនិងស្នើភាគីរុស៊្សីជួយផ្តល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ជូនកម្ពុជា ប្រសិនបើភាគី រុស៊្សីទទួលបានជោគជ័យក្នុងការផលិតវ៉ាក់សាំងនេះនាពេលខាងមុខ។

ដោយឡែក ឯកឧត្តមឯកអគ្គរដ្ឋទូត បានទទួលយកសំណើទាំងនេះ ដើម្បីជម្រាបជូនរដ្ឋាភិបាលរុស៊្សី និងសន្យាថា នឹងផ្តល់ព័ត៌មានមកភាគីកម្ពុជាវិញនាពេលឆាប់ៗខាងមុខ ។ លើសពីនេះទៀត ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្តែងការកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់វិធានការប្រឆាំងមេរោគកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលមកទល់ពេលនេះគ្មានជនរងគ្រោះណាម្នាក់នៅកម្ពុជាបានបាត់បង់ជីវិតដោយសារមេរោគនេះឡើយ៕