លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក លាវ ហន


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក លាវ ហន នៅវត្តនាគវ័ន្ត នាព្រឹកថ្ងៃព្រហស្បតិ៍​ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ។
ឧបាសក លាវ ហន បានទទួលអនិច្ចកម្មកាលពីរសៀលថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៣ៈ៣៨នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ ឧបាសក លាវ ហន គឺជាការបាត់បង់ដ៏គួរឲ្យសោកស្តាយបំផុត នូវជីតា ឧត្តមស្វាមី ឳពុកជាទីគោរពស្រឡាញ់ដែលប្រកបដោយព្រហ្មវិហារធម៌ ដែលមួយជីវិតរបស់ឧបាសកបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលាចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត និងប្រតិភូអមដំណើរក៏បានចូលរួមរំលែកទុក្ខជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា (ដែលត្រូវជាប្អូនប្រុសបង្កើតនៃសព) និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយក្តីសោកសង្រេង និងអាឡោះអាល័យជាទីបំផុត និងបានបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ ឧបាសក លាវ ហន បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕