ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន ប្រគល់ម៉ាសជាង១២ម៉ឺន ជូនសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យកសិកម្ម ដើម្បីចូលរួមបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩


(ភ្នំពេញ)៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ព្រមទាំងសប្បុរសជន បានប្រគល់ម៉ាសចំនួន១២៥,០០០ម៉ាស ជូនសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យកសិកម្ម និងមន្ត្រីបម្រើការ នៅទីស្តីការក្រសួងកសិកម្ម ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺវីរុសកូវីដ-១៩។

ពិធីប្រគល់-ទទួលម៉ាសចំនួន១២៥,០០០ម៉ាស ខាងលើនេះ បានរៀបចំធ្វើឡើង នៅមុខអាគារតេជោសន្តិភាព នៃទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ។

សមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យកសិកម្ម មានចំនួនសរុប ៧២៩នាក់ ដោយក្នុង១នាក់ ទទួលបានម៉ាសចំនួន១០០។

គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានធ្វើតេសត្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» សរុបចំនួន១១៣០៥សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន ៣២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត និងមណ្ឌលសុខភាព ចាក់អង្រែ។

ជាមួយគ្នានេះ ក្រសួងសូមអញ្ជើញអ្នកប៉ះពាល់ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទាំងអស់ អញ្ជើញទៅធ្វើតេស្តលើកទី២ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ នៅបរិវេណក្រសួងមហាផ្ទៃ សម្រាប់បុគ្គលិក-មន្ត្រីរាជការស៊ីវិល និងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ដែលមានទីតាំងនៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិច សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប៉ះពាល់ និងតាមបណ្តាមន្ទីរសុខាភិបាលខេត្ត (ដែលទទួលខុសត្រូវក្នុងការរៀបចំទីកន្លែងដែលពេលនោះ សម្រាប់អ្នកប៉ះពាល់នៅតាមខេត្ត)។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៤៨នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣០៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤២នាក់៕