ជំនួបរបស់អគ្គរាជទូត នៃបណ្តាប្រទេសសមាជិកអង្គការ OIC ដែលមាននិវេសនដ្ឋាននៅកម្ពុជា ជួបជាមួយថ្នាក់ដឹកនាំមជ្ឈមណ្ឌលឥស្លាមភ្នំពេញ ដើម្បីលើកផែនការអភិវឌ្ឍន៍


(ភ្នំពេញ)៖ គណៈកម្មការមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC) នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំពិភាក្សា និងលើកផែនការគម្រោងអភិវឌ្ឍន៍ ជាមួយអគ្គរាជទូត-រដ្ឋទូត ភារធារីនៃបណ្តាប្រទេសសមាជិកអង្គការ OIC ដែលមាននិវេសនដ្ឋាននៅកម្ពុជា រួមមាន៖ ឯកអគ្គរាជទូត និងរដ្ឋទូត នៃប្រទេសប៊្រុយណេដារូសាឡឹម សាធារណរដ្ឋឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប៉ាគីស្ថាន តួរគី និងភារធារីនៃរដ្ឋគុយវ៉ែត។

សមាសភាពគណៈកម្មការខាងលើ ដែលដឹកនាំកិច្ចប្រជុំ ដោយឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានគណៈកម្មការ និងមានវត្តមានឯកឧត្តម ឈិន សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងថ្នាក់ដឹកនាំ ជាអនុប្រធាន សមាជិក សមាជិកាគណៈកម្មការជាច្រើនរូប។

ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានថ្លែងកិច្ចស្វាគមន៍ និងអំណរគុណដល់បណ្តាអគ្គរាជទូត-រដ្ឋទូត និងភារធារី នៃប្រទេសសមាជិកអង្គការសហប្រតិបត្តិការឥស្លាម (OIC) ទាំង៦ ដែលអញ្ជើញមានវត្តមានដើម្បី ធ្វើពិគ្រោះយោបល់សំដៅចូលរួមសហការក្នុងការ និងជ្រោមជ្រែងគម្រោងអភិវឌ្ឍន៍នៅបរិវេណមជ្ឈមណ្ឌលឥស្លាមភ្នំពេញ ដែលមានព្រះវិហារឥស្លាមអាល់សារកាលបឹងកក់ភ្នំពេញស្រាប់ ជាជាកន្លែងប្រតិបត្តិដល់សាសនិកឥស្លាមជាតិ និងអន្តរជាតិ។ ប្រធានគណៈកម្មការ បានលើកពីគម្រោងផែនការមេសំខាន់ៗ ដើម្បីអភិវឌ្ឍន៍បរិវេណនេះ ឲ្យទទួលបានមកវិញនូវប្រភពសេដ្ឋកិច្ចសម្រាប់ទ្រទ្រង់ និងអភិវឌ្ឍន៍សហគមន៍ខ្មែរឥស្លាមលើគ្រប់វិស័យ។

អគ្គរាជទូតតំណាងប្រទេសនានាដែលចូលរួមកិច្ចប្រជុំ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនានា ហើយក្នុងនាមប្រទេសរៀងៗខ្លួន នឹងយកចិត្តទុកដាក់ សម្របសម្របសម្រួល ផ្តល់កិច្ចសហការជ្រោមជ្រែង ស្វែងរកដៃគូអភិវឌ្ឍន៍ ក៏ដូចជា ផ្តល់ជំនួយសំដៅលើកកំពស់គម្រោងអភិវឌ្ឍន៍នានា ដើម្បីលើកស្ទួយសេដ្ឋកិច្ចសហគមន៍ខ្មែរឥស្លាម ក៏ដូចជារួមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍សង្គមជាតិទាំងមូល។

គួរបញ្ជាក់ថា សេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលឥស្លាមភ្នំពេញ លេខ ៨២ សសរ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ មានសមាសភាពថ្នាក់ដឹកនាំចំរុះក្រសួងស្ថាប័នមួយចំនួន សរុបចំនួន ១៥រូប ហើយគណៈកម្មការនេះ បានបង្កើតនូវអនុគណៈកម្មការចំនួន ៧ បន្ថែមទៀត ដើម្បីសម្រួលកិច្ចការអភិវឌ្ឍន៍ ទៅតាមវិស័យនានាដែលពាក់ព័ន្ធ និងចាំបាច់៕