ឯកឧត្ដម វ៉ា ថន អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តក្រចេះ


ក្រចេះ ៖ ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញបើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ក្រចេះ កាលពីព្រឹកថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។ កិច្ចប្រជុំប្រចាំខែនាពេលនោះផ្តោតសំខាន់លើការស្តារឡើងវិញលើវិស័យ បីសំខាន់គឺ វិស័យកសិកម្ម វិស័យអភិវឌ្ឍន៍ជនបទនិងវិស័យសាធារណៈការនិងដឹកជញ្ជូន។

យោងតាមរបាយការណ៍ នៃមន្ទីរវិស័យទាំង៣ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វិស័យកសិកម្មបានបញ្ចប់ជាស្ថាពរ ការស្តារឡើង វិញនូវផ្ទៃដីស្រូវប្រាំងចំនួន ១៨៧១,១៧ហិកតា ស្មើនឹង១០៩,៧៧ភាគរយ នៃគម្រោងស្ថារឡើងវិញក្រោយទឹកជំនន់ ទន្លេមេគង្គ។ វិស័យអភិវឌ្ឍន៍ជនបទ សម្រាប់ផែនការឆ្នាំ២០២១ លើការងារស្ថាបនាផ្លូវក្រាល កៅស៊ូ ២ជាន់ប្រវែងជាង៦១ គីឡូម៉ែត្រស្ថិតក្នុងស្រុកឆ្លូង ស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ។ វិស័យសាធារណៈការ និងដឹកជញ្ជូន គឺគម្រោងថែទាំប្រចាំថ្ងៃលើផ្លូវជាតិផ្លូវខេត្តគ្រប់ ប្រភេទសរុបប្រវែងជាង ១០០០ គីឡូម៉ែត្រ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្តក្រចេះ ក្រៅពីការជំរុញឱ្យមន្ទីរ ជំនាញខិតខំប្រឹងប្រែងអនុវត្តន៍នូវផែនការការងារដែលបានដាក់ចុះ ក៏មិនត្រូវភ្លេចអំពីការ ផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធ ភាពក្នុងការការពារប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩។  ឯកឧត្ដមបញ្ជាក់ថា អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តតាមដាន និងជំរុញលើការអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានអនាម័យរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវបំផុត ចៀសឱ្យផុតពីការឆ្លងជំងឺ កូវីដ-១៩ចូលក្នុងសហគមន៍យើង។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដមអភិបាលខេក្រចេះបានជំរុញដល់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ ត្រូវយកចិត្តទុកដាក់លើការងារបង្កបង្កើនផល ពិសេសការដាំដុះស្រូវរដូវប្រាំង និងដំណាំរួមផ្សំផ្សេងៗ បន្តចុះពិនិត្យ និងតាមដានលើសកម្មភាពនិងបច្ចេកទេសដាំដុះ ក៏ដូចជាការប្រើប្រាស់ពូជ និងរកប្រភពទឹកក្នុងការស្រោចស្រពផងដែរ៕