ផ្លូវបេតុងជាច្រើនខ្សែក្នុងក្រុងសិរីសោភ័ណ បានស្ថាបនារួចរាល់ និងមួយចំនួនទៀតកំពុងស្ថាបនាបន្ត


(បន្ទាយមានជ័យ)៖ ក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យមើលផ្លូវបេតុងដែលស្ថាបនារួចរាល់ នឹងកំពុងតែស្ថាបនានៅសង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានថ្លែងបញ្ជាក់ថា ផ្លូវបេតុងជាច្រើនខ្សែក្នុងក្រុងសិរីសោភ័ណ បានស្ថាបនារួចរាល់ហើយ និងមាននៅមួយចំនួនទៀតកំពុងតែស្ថាបនាផងដែរ។

ជាមួយគ្នានោះ លោក ហ៊ឹល រ៉ាយ៉ា បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុង ដែលបានស្ថាបនារួចសូមចូលរួមថែរក្សាសម្មិទ្ធផលទាំងនេះ ឲ្យបានល្អប្រសើរ ពិសេសពលរដ្ឋដែលនៅជាប់ផ្លូវបេតុងទាំងអស់ សូមមានការរៀបចំផ្លូវទឹកសម្រាប់ហូ កុំឲ្យមានទឹកហូរលើផ្លូវនៅពេលមានភ្លៀងធ្លាក់។

លោក ហ៊ឹល រ៉ាយ៉ា ក៏បានបញ្ជាក់ថា បើទោះបីជាដំណាក់កាលនេះមានការរីករាល់ដាលពីជំងឺកូវីដ-១៩ បានយាយីពិភពលោក និងប្រទេសកម្ពុជាយ៉ាងណាក៏ដោយ ក៏ដំណើរការនៃការអភិវឌ្ឍនៅមូលដ្ឋាននៅតែបន្តជានិច្ច ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋមានផ្លូវធ្វើដំណើរបានស្រួលដោយកែប្រែពីផ្លូវដី នៅតាមមូលដ្ឋានទៅជាផ្លូវបេតុង។

លោកបានបន្ថែមថា ក្នុងនាមអាជ្ញាធរក្រុង លោកនឹងខិតខំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានមានផ្លូវដើរបានស្រួល ងាយស្រួលដល់ការប្រកបរបរផ្សេងៗ ពិសេស សិស្សានុសិស្ស ដំណើរទៅរៀនសូត្របានស្រួល។ លោកអភិបាលក្រុង ក៏បានជំរុញដល់អាជ្ញាធគ្រប់សង្កាត់ ត្រូវចុះមូលដ្ឋានឲ្យបានជាប់ជាប្រចាំ ដើម្បីដឹងពីសុខទុក្ខ ក៏ដូចជា បញ្ហាប្រឈមនានារបស់ពលរដ្ឋ ដើម្បីបានដោះស្រាយទាន់ពេលវេលា៕