ឯកឧត្តម ជា ពិសី ដឹកនាំមន្ត្រីនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះ ពិនិត្យមើលការអនុវត្តគម្រោងជួសជុល និងស្ថាបនាឡើងវិញ ផ្លូវជាតិលេខ៥ ចាប់ពីមុខរោងចក្រ SKD សង្កាត់គីឡូម៉ែតលេខ៦ រហូតដល់ ចំណុចគីឡូម៉ែតលេខ៨ សង្កាត់ច្រាំងចំរេះទី១ ដែលជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលរាជធានីភ្នំពេញ


ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៣ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០ នាទី ឯកឧត្តម ជា ពិសី អភិបាលនៃគណ:អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក លោកស្រី នាយករងរដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធាន និងមន្ត្រីរាជការនៃការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ តំណាងក្រុមហ៊ុន ប៊ីប៊ីអ៉ី ជាក្រុមហ៊ុនកំពុងអនុវត្តគម្រោង និងក្រុមការងាររដ្ឋបាលសង្កាត់គីឡូម៉ែតលេខ៦ ចុះពិនិត្យការអនុវត្តគម្រោងពង្រីក ជួសជុល និងស្ថាបនាឡើងវិញ ផ្លូវជាតិលេខ៥ ចាប់ពីសង្កាត់គីឡូម៉ែតលេខ៦ រហូតទល់នឹង សង្កាត់ច្រាំងចំរេះទី១ ដែលជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលរាជធានីភ្នំពេញ មានដូចតទៅ ៖
១/ ពង្រីកផ្លូវពីមុខសាលាខណ្ឌប្ញស្សីកែវ រហូតដល់ មុខរោងចក្រ SKD មានប្រវែង ១,១០០ ម៉ែត្រ ដោយធ្វើការពង្រីកផ្នែកខាងកើតចំនួន ០៣ ម៉ែត្រ និងផ្នែកខាងលិច ចំនួន ០២ ម៉ែត្រ ព្រមទាំង អ៊ុតកៅស៊ូកម្រាស់ ០,៩ ហ៊ុន។
២/ ចាប់ពីមុខសាលាខណ្ឌប្ញស្សីកែវ រហូតដល់ ចំណុចគីឡូម៉ែត្រលេខ៨ ក្នុងសង្កាត់ច្រាំងចំរេះទី១ មានប្រវែងចំនួន ១,៧០០ ម៉ែត្រ នឹងធ្វើការជួសជុលជង្ហុកសំបុកមាន់ ព្រមទាំង អ៊ុតកៅស៊ូ កម្រាស់ ០,៥ ហ៊ុន បន្ថែមទៀត។ សូមបញ្ជាក់ដែរថា ការអនុវត្តគម្រោងខាងលើនេះ ចាប់ពីចំណុចមុខរោងចក្រ SKD រហូតដល់ចំណុច គីឡូម៉ែតលេខ៨ ក្នុងសង្កាត់ច្រាំងចំរេះទី១ មានប្រវែងសរុបចំនួន ២,៨០០ ម៉ែត្រ ដែលជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលរាជធានីភ្នំពេញ៕