រដ្ឋមន្ត្រីសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំង មណ្ឌលសុខភាពជ្រោយចង្វារ ត្រៀមសាងសង់អគារបន្ថែមសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩


ភ្នំពេញ ៖ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យទីតាំងមណ្ឌលសុខភាពជ្រោយចង្វារ ដើម្បីសាងសង់អគារបន្ថែមសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបាន និងកំពុងរីករាលដាលនៅឡើយ។

ការសម្រេចជ្រើសរើសយកទីតាំងនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ខណៈដែលឯកឧត្ដម រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្ដម អភិបាលរាជធានីភ្នំពេញ និងចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកចំនួនពីរទីតាំងរួច នោះគឺ មណ្ឌលសុខភាពបង្អែកខណ្ឌដូនពេញ និងមណ្ឌលសុខភាពបង្អែកខណ្ឌជ្រោយចង្វារ។

ឯកឧត្ដម ឃួង ស្រេង  បានបញ្ជាក់ថា ក្រោយពីមន្ដ្រីជំនាញពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសចុះពិនិត្យរួចរាល់ហើយ ក៏បានសម្រេចជាគោលការណ៍ ដោយជ្រើសរើសយក ទីតាំងមណ្ឌលសុខភាពបង្អែកខណ្ឌជ្រោយចង្វារ ធ្វើជាកន្លែងសាងសង់អគារសម្រាប់ធ្វើចត្តាឡីស័ក និងជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយហេតុថា ទីតាំង មណ្ឌលសុខភាពបង្អែកជ្រោយចង្វារ មានទីធ្លាធំទូលាយដែលអាចសាងសង់ជាអគារ សម្រាប់ធ្វើចត្តាឡីស័ក និងសាងសង់អគារព្យាបាលអ្នកជំងឺកូវីដ-១៩បាន ហើយអ្វីដែលសំខាន់ជាងនេះថែមទៀតនោះ គឺមណ្ឌលសុខភាពបង្អែកខណ្ឌជ្រោយចង្វារស្ថិតក្នុងសង្កាត់ជ្រោយចង្វារនេះ មិនសូវមានប្រជាពលរដ្ឋមកទទួលសេវាព្យាបាលជំងឺច្រើនដូច នៅតាមបណ្ដាមណ្ឌលសុខភាពបង្អែកខណ្ឌផ្សេងៗទៀតឡើយ។

សូមបញ្ជាក់ថា ការជ្រើសរើសយកទីតាំងមណ្ឌលសុខភាពបង្អែក ដើម្បីកសាងជាអគារធ្វើចត្តាឡឺស័ក និងព្យាបាលជំងឺ-១៩នេះ ធ្វើឡើងក្រោយពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ណែនាំឱ្យអាជ្ញាធររាជធានី-ខេត្ត និងក្រសួងសុខាភិបាល ជ្រើសរើសរកទីតាំងណាមួយ ធ្វើជាកន្លែងសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩ ដោយ សម្តេចតេជោ បានបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅមិនទាន់បានបញ្ចប់នៅឡើយទេ ពោលគឺអាចអូសបន្លាយរហូតដល់ចុងខែមករា ឆ្នាំ២០២១ ក៏ថាបាន ៕