ឯកឧត្តម ម៉ម ប៊ុននាង ចុះទៅពិនិត្យមើលការសាងសង់ដងទង់១គូ និងសមិទ្ធផលនានា នៅវត្តព្រះសុគន្ធមានបុណ្យ ក្នុងខេត្តកណ្តាល


(កណ្តាល)៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យព្រឹទ្ធសភា និងលោកជំទាវ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញចុះទៅកាន់វត្តព្រះសុគន្ធមានបុណ្យ ដើម្បីពិនិត្យមើលការសាងសង់ដងទង់០១គូ និងសមិទ្ធផលនានា ក្រោមការឧបត្ថម្ភគាំទ្ររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលនឹងសម្ពោធឆ្លងនាពេលខាងមុខ ស្ថិតនៅឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល។

ដងទង់មួយគូខាងលើ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ហើយការសាងសង់បានបញ្ចប់ជាស្ថាពរនៅខែធ្នូ ឆ្នាំ២០២០នេះ ដោយត្រូវចំណាយអស់ថវិកាសរុបចំនួន២៤,០០០ដុល្លារ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានសម្តែងនូវសេចក្តីរីករាយ ជាមួយព្រះតេជគុណព្រះចៅអធិកាវត្ត អាជ្ញាធរដែនដី និងប្រជាពុទ្ធបរិស័ទ ជិតឆ្ងាយចំណុះជើងវត្ត ចំពោះសមិទ្ធផលថី្មៗ ដែលបានកសាងនៅវត្តព្រះសុគន្ធមានបុណ្យ ព្រមទាំងបានឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពីសេចក្តីជ្រះថ្លា ក្នុងការកសាងនូវសមិទ្ធផលទាំងអស់នេះ ជូនដល់បងប្អូនទាំងអស់ឱ្យទទួលបាននូវកុសលផលបុណ្យស្មើៗគ្នា។

ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមឲ្យថា សមិទ្ធផលដ៏ថ្លៃថ្លាខាងលើនេះ កើតមានឡើង គឺអាស្រ័យសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ពិសេសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ស្ថិតក្នុងបរិបទដែលប្រទេសជាតិយើង បាននិងកំពុងមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ធ្វើឱ្យប្រជាជនគ្រប់រូបកំពុងសប្បាយរីករាយនូវសមិទ្ធផលជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលំជនបទ ស្ពានអាកាស ស្ពានឆ្លងកាត់ទន្លេ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារសំខាន់ ក្នុងការលើកកម្ពស់គុណភាពជីវភាព របស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តម ម៉ម ប៊ុននាង និងលោកជំទាវ បាននាំយកគ្រឿងឧបភោគបរិភោគ ទេយ្យវត្ថុ និងបច្ច័យមួយចំនួន វេរប្រគេនដល់ព្រះតេជគុណព្រះចៅអធិកាវត្ត និងបានប្រគល់ថវិកាដែលនៅសល់ចំនួន២០% ជូនដល់អ្នកម៉ៅការសាងសង់ដងទង់ផងដែរ៕