កសិករដាំត្រសក់ក្នុងស្រុកក្រូចឆ្មារ កំពុងជួបបញ្ហាតម្លៃ, អាជ្ញាធរខេត្តត្បូងឃុំ ចុះដោះស្រាយបញ្ហា ប្រមូលទិញត្រសក់ និងអំពាវនាវអ្នកពាក់ព័ន្ធជួយសហការស្វែងរកទីផ្សារ


(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកទឹកចិត្តប្រជាកសិករឲ្យខិតខំដាំដំណាំបន្លែបន្ថែមទៀត ប៉ុន្តែត្រូវផ្លាស់ប្តូរមុខបន្លែ រើសយកប្រភេទបន្លែមានទីផ្សារ តម្លៃខ្ពស់ រក្សាទុកបានយូ ហើយចៀសវាងដាំបន្លែដដែរៗ ជាន់គ្នាដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងការផ្គត់ផ្គង់នៅលើទីផ្សារ។
មានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០
ក្នុងឳកាសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំអភិបាលរងខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកជូនថវិការមួយចំនួន ជូនដល់ប្រជាកសិករដាំបន្លែត្រសក់ចំណារ ដែលកំពុងជួបបញ្ហាតម្លៃ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនដល់បងប្អូនប្រជាកសិករដាំដំណាំត្រសក់ចំណារ ដែលកំពុងជួបបញ្ហារឿងតម្លៃនៅលើទីផ្សារផងដែរ។
ដើម្បីចូលរួមដោះស្រាយលើបញ្ហានេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានអំពាវនាវដល់ មន្ទីរ/អង្គភាពជំនាញជុំវិញខេត្ត ឈ្មួយរកសុី និងអ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នារកទីផ្សារជូនប្រជាកសិករ ដែលដាំដំណាំបន្លែត្រសក់ និងបន្លែគ្រប់ប្រភេទ អោយមានតម្លៃទីផ្សារសម្រាប់លក់បានសមរម្យ ដើម្បីសម្រួលដល់ជីវភាពរបស់ពួកគាត់។
ជាការឆ្លើយតប ប្រជាកសិករទាំង៣៩គ្រួសារ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ពិសេសឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលជានិច្ចជាការបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូន ពិសេសអំពាវនាវជួយស្វែងរកទីផ្សារលក់បន្លែត្រសក់ចេញអោយបានតម្លៃមួយខ្ពស់សមរម្យ ដែលជាប្រភពទុនសម្រាប់ជីវភាពគ្រួសារបងប្អូន។
ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវបានឧបត្ថម្ភថវិការផ្ទាល់ខ្លួន ចែកជូនដល់កសិករដាំត្រសក់ ដែលកំពុងប៉ះពាល់តម្លៃ ចំនួន៣៩គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានថវិការចំនួន ៥០០,០០០រៀល សរុបអស់ទឹកប្រាក់ចំនួន១៩,៥០០,០០០រៀល និងបានជួយទិញត្រសក់ចំនួន៤តោន ចែកជូននគរបាល អាវុធហត្ថ កងទ័ព កងពលលេខ២១ ពន្ធនាគារ និងមន្ទីរពេទ្យសួងផងដែរ៕