ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធរោងចក្រទឹកស្អាតនិរោធជំហានទី២


នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅដល់ថ្នល់កែង ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកំណាត់ផ្លូវជាតិលេខ៦ ដែលបើកដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏ធំមួយ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា គម្រោងជួសជុល និងពង្រីកផ្លូវជាតិលេខ៦ បានកើតឡើងនៅអំឡុងពេលដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីចិន ហ្ស៊ី ជីនពីង កាលពីខែធ្នូ ២០០៩ ពេលដែលលោកនៅជាអនុប្រធានាធិបតីនៅឡើយ។ សម្តេចតេជោ បានឲ្យដឹងទៀតថា ក្នុងដំណើរទស្សនកិច្ចនោះ មានកិច្ចព្រមព្រៀងរហូតដល់ទៅ៨ បានចុះហត្ថលេខា ដែលមានទំហំទឹកប្រាក់សម្រាប់ អភិវឌ្ឍន៍រហូតដល់ ៤០០លានដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា ក្រោមហិរញ្ញប្បទានរបស់ចិន បានជួយសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ យ៉ាងទូលំទូលាយនៅទូទាំងប្រទេស។ សម្តេចនាយករដ្ឋមន្រ្តី ក៏គ្រោងនឹងស្នើចិនផ្តល់ហិរញ្ញប្បទានសម្រាប់សាងសង់ផ្លូវតាមបន្ទាត់ព្រំដែន ចេញពីសំឡូត បាតដំបង ឆ្ពោះទៅថ្មដា ខេត្តពោធិ៍សាត់ ទៅកាន់ខេត្តកោះកុង និងព្រះសីហនុផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានបន្តថា សមិទ្ធផលនេះ គឺកើតចេញពីចំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-ចិន។ សម្តេចបាន ថ្លែងអំណរគុណដល់មិត្តចិន ប្រជាពលរដ្ឋចិន ដែលតែងតែជួយអភិវឌ្ឍន៍កម្ពុជា។

* សម្តេចតេជោ បន្តថា នយោបាយហេដ្ឋារចនាសម្ព័ន្ធ នៅតែជានយោបាយអាទិភាពរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ បន្តថា ការសាងសង់ផ្លូវ ប្រព័ន្ធប្រឡាយទឹក គឺជាការផ្តល់ប្រយោជន៍ប្រកបដោយសមធម៌បំផុតសម្រាប់ប្រជាពលរដ្ឋ ពោលទាំងអ្នកមាន និងអ្នកក្រ គឺសុទ្ធតែអាចប្រើប្រាស់បានដូចគ្នា។

* សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែង ជួយសាងសង់កំណាត់ផ្លូវជាតិលេខ៦ តាមផែនការ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែគិតគូរ និងដឹកនាំត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល បានធ្វើឲ្យកម្ពុជា ងើបចេញពីប្រទេសក្រីក្រមកជាប្រទេសមានប្រាក់ចំណូលធម្យមកម្រិតទាប។

* សម្តេចតេជោ ហ៊ុន សែន ជូនពរឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់បានសប្បាយរីករាយគ្រប់ៗគ្នានៅក្រោមដំបូលសន្តិភាព ដែលកំពុងគ្រប់ដណ្តប់ ពាសពេញប្រទេស។ សម្តេចតេជោ បានថ្លែងរំលឹកប្រជាពលរដ្ឋថា មានតែសុខសន្តិភាពទេ ដែលធ្វើឲ្យប្រទេសបានសប្បាយរីករាយ និងប្រទេសមានការអភិវឌ្ឍរីកចម្រើន។

* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជា ដោយសារភ្លើងសង្រ្គាមចាប់តាំងពីទសវត្សរ៍ឆ្នាំ៧០ រហូតដល់ ទសវត្សរ៍ឆ្នាំ៩០ ដែលសង្រ្គាមនេះ បើទោះបីអង្គការសហប្រជាជាតិចំណាយលុយរហូតដល់ពីរពាន់លានដុល្លារក្តី ក៏មិនអាចបញ្ចប់សង្រ្គាម បាននោះឡើយ។ តែទីបំផុតសង្រ្គាមបានបិទបញ្ចប់ទាំងស្រុងក្រោមការដឹកនាំនយោបាយឈ្នះឈ្នះរបស់សម្តេច ជាពិសេសការយកជីវិត ធ្វើជាដើមទុន ក្នុងការចុះចារជាមួយកងទ័ពខ្មែរក្រហម ដែលសេសសល់។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ភាពឈឺចាប់របស់ប្រជាជនខ្មែរ បានឆ្អែតគ្រប់គ្រាន់ហើយ ដែលត្រូវតែរួមគ្នាថែរក្សានូវសុខសន្តិភាព។

* សម្តេចតេជោ ហ៊ុន សែន បានរំពឹងថា ឪពុករបស់សម្តេចនឹងអញ្ជើញមកចាប់ជាតិជាមួយកូនរបស់សម្តេចដែលកំពុងពពោះពីរនាក់ ខណៈដែល ម្តាយរបស់សម្តេច បានមកចាប់ជាតិជាមួយកូនសម្តេចរួចហើយ។ មកដល់ពេលបច្ចុប្បន្នមានអាយុជាង ១០ឆ្នាំហើយ។