ប្រមុខរាជរដ្ឋាភិបាល អំពាវនាវឱ្យពលករដែលកំពុងធ្វើការក្នុងប្រទេសថៃ ពន្យាការចេញ-ចូល ក្នុងខណៈប្រទេសថៃផ្ទុះឡើងនូវជំងឺឆ្លងកូវីដ-១៩ ក្នុងសហគមន៍


ភ្នំពេញ  ក្នុងខណៈដែលប្រទេសថៃ បាននិងកំពុងផ្ទុះឡើងនូវជំងឺឆ្លងកូវីដ-១៩ ក្នុងសហគមន៍នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យបងប្អូនកម្មករ កម្មការិនីដែលកំពុងធ្វើការនៅក្នុងប្រទេសថៃទាំងស្របច្បាប់ និងមិនស្របច្បាប់ ពន្យាការចេញ ចូលក្នុងប្រទេស និងសូមជឿទុកចិត្តលើសមត្ថភាពរបស់រាជរដ្ឋាភិបាលថៃ ដែលអាចដោះស្រាយបញ្ហានេះបាន។

 

ក្នុងសារបន្ទាន់ជាសំឡេងជូនជនរួមជាតិ នាយប់ថ្ងៃទី២០ ខែធ្នូឆ្នាំ២០២០ សម្ដេចតេជោ ថ្លែងថា ទាក់ទងនឹងការផ្ទុះឡើងនូវជំងឺឆ្លងកូវីដ-១៩ក្នុងសហគមន៍ នៅក្នុងព្រះរាជាណាចក្រថៃ ដែលគិតមកដល់ពេលនេះមានចំនួន ៥៧៦នាក់ តែក្នុងរយៈពេលមួយថ្ងៃនៅក្នុងតំបន់មួយ។ សភាពការណ៍កើតឡើងនៅក្នុងប្រទេសថៃមិនជាធ្ងន់ធ្ងរនោះទេ បើប្រៀបធៀបជាមួយនឹងប្រជាជនដែលមានរហូតទៅដល់ជាង៦០លាននាក់។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា ប៉ុន្តែបញ្ហាកើតឡើងនៅក្នុងប្រទេសថៃនេះ បានបង្កើតជាបញ្ហាចិត្តសាស្ត្រសម្រាប់ការភ័យខ្លាចដល់កម្មករ ជាពិសេសដល់គ្រួសារកម្មករ កម្មការិនីយើង ដែលកំពុងតែធ្វើការនៅក្នុងប្រទេសថៃ។ ក្នុងសភាពការណ៍បែបនេះ ខ្ញុំព្រះករុណាខ្ញុំសូមធ្វើការអំពាវនាវចំពោះបងប្អូនកម្មករ កម្មការិនីដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ សូមទុកចិត្តចំពោះរាជរដ្ឋាភិបាលថៃ ដែលនឹងគ្រប់គ្រងនូវសភាពការណ៍នេះបាន ហើយបញ្ហានេះព្រះរាជាណាចក្រថៃ មានបទពិសោធន៍ ក្នុងការគ្រប់គ្រងសភាពការណ៍នេះកាលពីពេលមុន ដែលមកដល់ពេលនេះប្រទេសថៃទើបតែនឹងមានមនុស្សឆ្លងជំងឺកូវីដ១៩ ចំនួន ៤ ៩០៧នាក់ ហើយអ្នកស្លាប់មានតែត្រឹមចំនួន៦០នាក់តែប៉ុណ្ណោះ ដែលអាចជាត់ទុកថាជាប្រទេសដែលគ្រប់គ្រងបានល្អ។ សង្ឃឹមថាបងប្អូនកម្មករ កម្មការិនីរបស់យើង ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ជឿទុកចិត្តទៅលើសមត្ថភាពនៃការដោះស្រាយរបស់ រាជរដ្ឋាភិបាលថៃ របស់សមត្ថកិច្ចពាក់ព័ន្ធរបស់ថៃ ដែលធ្វើការនៅទីនោះ ហើយមិនគួររត់ចាកចេញពីប្រទេសថៃក្នុងពេលដែលថៃមានការលំបាក ដូចដែលខ្ញុំធ្លាប់បាននិយាយហើយថា«ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។

សម្ដេចតេជោគូសបញ្ជាក់ថា  ដូច្នេះយើងគួរតែស្ថិតនៅទីនោះ ដែលម្ខាងគឺរក្សានូវការពារខ្លួននៅនឹងកន្លែង ដោយមានការការពារជាចាំបាច់ពីសំណាក់រាជរដ្ឋាភិបាលថៃ ផ្ដល់នូវលទ្ធភាពក្នុងការការពារខ្លួន និងមួយផ្នែកទៀតចៀសវាងនូវការវិលត្រឡប់ ដែលនឹងនាំមកនូវការនាំចូលជំងឺកូវីដ-១៩ ប្រសិនបើវានឹងមាន អាចនាំ ចូលមកក្នុងប្រទេសរបស់យើង។ ជាងនេះទៀត សម្ដេចតេជោ ក៏បានអំពាវនាវចំពោះ ឪពុកម្ដាយ ក្រុមគ្រួសារ ប្ដីសី ប្រពន្ធ ឬកូន ដែលមានសាច់ញាត្តិធ្វើការក្នុងប្រទេសថៃ គឺលើកទឹកចិត្តឱ្យកូនចៅ ប្ដីសី បងប្អូន ដែលកំពុងធ្វើការនៅទីនោះ ឱ្យរស់នៅទីនោះបន្តទៀត ដើម្បីខិតខំធ្វើយ៉ាងណា រក្សាឱ្យបាននៅការងារធ្វើរបស់យើងនៅទីនោះ ហើយសង្ឃឹមថាបងប្អូន និងបន្តធ្វើការងារនៅទីនោះជាមួយ នឹងប្រជាជនថៃ ព្រោះប្រទេសថៃមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាដ៏លំបាក ហើយរឿងនេះវាបានកើត ប្រសិនបើយើងចល័តចេញពីកន្លែងមួយមកកាន់កន្លែងមួយគឺពិតជាមិនល្អទេ។ ដូច្នេះសូមកុំអាលចូលមកក្នុងប្រទេស។ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា ក្នុងរយៈពេលនេះបងប្អូនមួយចំនួនដែលត្រូវចូលទៅកាន់ប្រទេសថៃដោយស្របច្បាប់ក្ដី និងមិនស្របច្បាប់ក្ដី សុំពន្យារការចូល ព្រោះថាបើចូលដោយខុសច្បាប់វាកាន់តែលំបាក ត្រូវថៃចាប់បញ្ជូនត្រឡប់មកវិញ ហើយប្រសិនបើចូលទៅស្របច្បាប់ ក៏ត្រូវទៅធ្វើចត្តាឡីស័ក ១៤ថ្ងៃ ហើយដែលក្នុងនោះ សម្ដេចក្រឡាហោម ស ខេង ក៏កំពុងតែបានដាក់ឱ្យខេត្តនានា និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើការជាមួយភាគីថៃ ដើម្បីឱ្យភាគីថៃទទួលខុសត្រូវទៅលើការចូលទៅក្នុងដីថៃ ដែលត្រូវធ្វើចត្តាឡីស័ក ហើយដែលត្រូវចំណាយដោយខាងភាគីថៃ រាប់ទាំងកិច្ចការផលប្រយោជន៍ ដែលកម្មករ កម្មការិនីទទួលបានក្នុងពេលវេលាដែលគេឈឺផងដែរ។

នេះជាការអំពាវនាវរបស់ខ្ញុំ  ទៅកាន់បងប្អូនកម្មករកម្មការិនីទាំងកំពុងនៅក្នុងប្រទេសថៃផង ចំពោះបងប្អូន ឪពុកម្ដាយ និងក្រុមគ្រួសារពលករផង និងអ្នកដែលកំពុងត្រៀមខ្លួនចូលទៅក្នុងប្រទេសថៃ សូមផ្អាក ទាំងខុសច្បាប់ ទាំងត្រូវច្បាប់ ក៏សុំផ្អាកនៅក្នុងកាលៈទេសៈបែបនេះ៕