តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ រួមជាមួយ លោក តែ សេរីបុត្រ ប្រធានមន្ទីរពេទ្យភ្នែកខេត្តតាកែវ និងជាតំណាងអង្គការការីតាសកម្ពុជា លោក ទុយ សុភ័ក្រ អភិបាល នៃគណៈអភិបាលស្រុកបូរីជលសារ លោកអភិបាលរងស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើនបាន អញ្ជើញចូលរួមចែកអំណោយ មនុស្សធម៌ របស់ អង្គការការីតាសកម្ពុជា ដល់ពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ និងរងផលប៉ះពាល់ដោយការរីករាតត្បាតជំងឺកូវីដ-១៩ ចំនួន ៨០គ្រួសារ មកពីឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋកុំភ្លេចឲ្យសោះ អំពីវិធានការអប់រំណែនាំ វិធានការបង្ការ និងទប់ស្កាត់ អំពីរីករាល ដាលនៃមេរោគកូវីដ១៩ កុំអោយមានឆ្លងនៅសហគមន៍របស់យើង ហើយជាពិសេសត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ-១៩ នេះ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត រហូតមកដល់ពេលនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តតាកែវ បានបន្តសកម្មភាពចុះអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ តាមរយៈការចាក់មេក្រូនៅតាមភូមិ តាមវត្តអារ៉ាមនានា និងចុះអប់រំដល់ខ្នងផ្ទះប្រជាពលករដែលទើបវិលត្រលប់ពីក្រៅប្រទេស ពីវិធីបង្ការនិងវិធានការការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ តាមរយៈការនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃផងដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ ១៩នេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕








