អភិបាលខេត្តកណ្ដាល ទទួលថវិកាពីព្រះសង្ឃ ៤២វត្តនៅស្រុកខ្សាច់កណ្តាល ដើម្បីចូលរួមទិញវ៉ាក់សាំងការពារជំងឺ COVID-19


កណ្ដាល នៅថ្ងៃ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានទទួលថវិកាពីព្រះឃោសធម៌ លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ ព្រះវិន័យធរគណខេត្ត ព្រះអនុគណស្រុកខ្សាច់កណ្តាល ប្រធានផ្នែកពុទ្ធិកបឋមសិក្សាទុតិយភូមិ និងជាព្រះចៅអធិការវត្តស្វាយជ្រុំ រួមជាមួយព្រះចៅអធិការវត្តទាំង ៤២វត្ត ទូទាំងស្រុកខ្សាច់កណ្តាល ដែលបានចូលរួមចំណែកក្នុងការឧបត្ថម្ភបច្ច័យចំនួន ២០លានរៀល តាមរយៈរដ្ឋបាលខេត្តកណ្តាល ជូនស ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដើម្បីទិញវ៉ាក់សាំងការពារជំងឺ COVID-19 ចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ។

ព្រះឃោសធម៌ លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ ព្រះវិន័យធរគណខេត្ត ព្រះអនុគណស្រុកខ្សាច់កណ្តាល ប្រធានផ្នែកពុទ្ធិកបឋមសិក្សាទុតិយភូមិ និងជាព្រះចៅអធិការវត្តស្វាយជ្រំបានមានសង្ឃដីកាថា ក្នុងនាមព្រះសង្ឃទាំងអស់នៅក្នុងស្រុកខ្សាច់កណ្តាល ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តកណ្ដាល ក្នុងការបរិច្ចាគបច្ច័យ ២០លានរៀល សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដល់ព្រះឃោសធម៌ លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ ព្រះវិន័យធរគណខេត្ត ព្រះអនុគណស្រុកខ្សាច់កណ្តាល ប្រធានផ្នែកពុទ្ធិកបឋមសិក្សាទុតិយភូមិ និងជាព្រះចៅអធិការវត្តស្វាយជ្រំ ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គទូទាំងស្រុកខ្សាច់កណ្តាល ដែលបានបរិច្ចាគនូវបច្ច័យ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ។

​ឯកឧត្តមបានបន្តថា ការចូលរួមនេះ គឺពិតជាមានតម្លៃណាស់ និងជាការស្រឡាញ់ និងគិតគូរពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅ ហើយក៏ជាការចូលរួម និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីផងដែរ ដែលស ម្តេចតែងតែគិតគូរជានិច្ច ពីសុខទុក្ខរបស់បងប្អូនទូទៅ ដោយមិនប្រកាន់នូវនិន្នាការនយោ បាយអ្វីទាំងអស់ ៕