អភិបាលខេត្តកំពត ណែនាំឱ្យស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ត្រៀមទីតាំងឱ្យបានគ្រប់គ្រាន់ សម្រាប់ធ្វើចត្តាឡីស័កពលករដែលត្រឡប់មកពីប្រទេសថៃ


(កំពត)៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត បានណែនាំឱ្យអង្គភាពនិងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវត្រៀម ទីតាំងឱ្យបានគ្រប់គ្រាន់ សម្រាប់ធ្វើចត្តាឡីស័កពលករដែលត្រឡប់មកពីប្រទេសថៃ និងមន្ទីរពេទ្យសម្រាប់សម្រាកព្យាបាល បើសិនមានករណីវិជ្ជមានជំងឺកូវីដ-១៩។

ឯកឧត្តម ជាវ តាយ បានណែនាំដូចនេះនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្តកំពត ដែលបានរៀបចំឡើង នៅសាលប្រជុំសាលាខេត្តកំពត ដោយចូលរួមពីជួរថ្នាក់ដឹកនាំមន្ត្រីរាជការ ស្ថាប័ន និងអជ្ញាធរពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តម ជាវ តាយ បានឱ្យដឹងទៀតថា ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំបន្ទាន់របស់ ក្រសួងសុខាភិបាល ស្ដីពីការការពារការចម្លងបន្តពីការផ្ទុះ នូវការឆ្លងវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខននៃប្រទេសថៃ ក្នុងពេលថ្មីៗនេះ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់អនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធនិងបង្ការជំងឺកូវីដ-១៩។ ចំពោះគណៈកម្មការកូវីដ-១៩ ទាំងបីរបស់រដ្ឋបាលខេត្ត ត្រូវបន្តអនុវត្តតាមភារកិច្ចរៀងៗខ្លួន ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់។

ក្រោយចប់កិច្ចប្រជុំភ្លាមលោកអភិបាលខេត្តកំពត បានប្រគល់ម៉ាសចំនួន ១៧,៣០០ម៉ាស ជូនដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងនោះ មួយក្រុង ស្រុក ទទួលបាន ១,០០០ម៉ាស និងមួយឃុំសង្កាត់ ទទួលបាន ១០០ម៉ាស៕