អាជ្ញាធរបន្តនាំយកអំណោយមនុស្សធម៌សម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋដែលប៉ះពាល់ជាមួយព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នៅខណ្ឌចំការមន


(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន លោក ថេង សុថុល បាននាំយកអំណោយមនុស្សធម៌របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចែកជូនដល់ប្រជាពលរដ្ឋ ដែលប៉ះពាល់ជាមួយព្រឹត្តការណ៍ សហគមន៍២៨វិច្ឆិកា និងផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ រស់នៅប្រកបដោយអនាម័យ និងអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល។

នៅក្នុងពិធីប្រគល់ថវិកាមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋចំនួន១២គ្រួសារ មានទីលំនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ លោក ថេង សុថុល បានថ្លែងឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ អាណិតស្រលាញ់ ចំពោះប្រជាពលរដ្ឋ សម្ដេចបានផ្ដល់ជូនអ្នកដែលប៉ះពាល់ព្រឹត្តិការណ៍ ២៨វិច្ឆិកា ក្នុងសង្កាត់ទន្លេបាសាក់នេះ ក្នុងមួយគ្រួសារៗ ទទួលបានថវិកា ៣០ម៉ឺនរៀល អង្ករម្នាក់២០គីឡូក្រាម របស់អាជ្ញាធរខណ្ឌចំការមនផងដែរ។

លោកអភិបាលខណ្ឌចំការមន បានបន្ដថា ផ្តើមចេញពីឆន្ទៈ និងបេះដូងមនុស្សធម៌ ចំពោះប្រជាជាតិ និងមនុស្សជាតិ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែបានផ្ដល់នូវក្តីអាណិតស្រលាញ់ ចំពោះអ្នកដែលរងនូវផលប៉ះពាល់មិនថា ជាស្មារតី សម្ភារៈ ថវិកា និងកម្លាំងចិត្តនោះ គឺប្រមុខរាជរដ្ឋាភិបាលតែងតែបានផ្ដល់ ជូនតាមរយៈអំណោយមនុស្សធម៌ ទៅដល់អ្នកទាំងនោះ ដោយមិនគិតពីជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះទេ ពោលមិនទុកឲ្យនរណាម្នាក់នៅឯកោនោះឡើយ។

ជាក់ស្ដែងដូចជាពលរដ្ឋដែលប៉ះពាល់ជាមួយនឹងព្រឹត្តិការណ៍ ២៨វិច្ឆិកា ដោយផ្ទាល់ និងដោយប្រយោលនាពេលកន្លងទៅនេះ បានទទួលការយកចិត្តទុកដាក់ មើលថែទាំយ៉ាងល្អប្រសើរ ជាពិសេសប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ត្រូវបានយកចិត្តទុកដាក់គាំពារ លើកទឹកចិត្ត ផ្ដល់ជាអំណោយមនុស្សធម៌ តាមរយៈក្រុមការងាររបស់សម្ដេចផ្ទាល់ ក៏ដូចជាអាជ្ញាធរក្នុងមូលដ្ឋានផងដែរ។

ជាមួយគ្នានោះ លោកអភិបាលក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ រស់នៅប្រកបដោយអនាម័យ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍របស់ប្រមុខដឹកនាំ ក៏ដូចជាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស លាងដៃ នឹងសាប៊ូ អាល់កុល ជែល រក្សាគម្លាតសង្គម ឲ្យបានខ្ជាប់ខ្ជួនជាប្រចាំ៕