អភិបាលខេត្តឧត្ដរមានជ័យ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរួមគ្នាការពារទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យមានការចម្លងដល់បងប្អូនក្នុងក្រុមគ្រួសារក៏ដូចជានៅក្នុងសហគមន៍


ឧត្ដរមានជ័យ ៖នៅព្រឹកថ្ងៃ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្តឧត្ដរមានជ័យ ឯកឧត្ដម នាយឧត្ដមសេនីយ ហ៊ូ សាគុណ អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ និងលោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសក្រសួងសុខាភិបាល បានបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យការវិលត្រឡប់របស់ពលករខ្មែរចេញមកពីប្រទេសថៃចូលប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។

ឯកឧត្ដម ប៉ែន កុសល្យ បានមានប្រសាសន៍ថា ខណៈពេលនេះមណ្ឌលចត្តាឡីស័កចំនួន៧ ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានពេញ ចំពោះពលករដែលធ្វើដំណើរពីប្រទេសថៃចូលមកប្រទេសកម្ពុជានាព្រឹកនេះត្រូវបានបញ្ជូនទៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្តនីមួយៗ។លើកលែងតែពលករដែលធ្វើដំណើរមកពីតំបន់ប្រឈមមួយចំនួនត្រូវបានដាក់ធ្វើចត្តាឡីស័កនៅក្នុងខេត្តឧត្ដរមានជ័យ។ ឯកឧត្តម បានបញ្ជាក់ថា គិតត្រឹមថ្ងៃដែលមានព្រឹត្តិការណ៍ផ្ទុះជំងឺកូវីដ-១៩ក្នុងសហគមន៍នៅក្នុងប្រទេសថៃ មកដល់ថ្ងៃនេះ ពលករខ្មែរដែលត្រូវយកសំណាកមានចំនួន១៤១នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។

ឯកឧត្តម បានលើកឡើងទៀតថា ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចំពោះបងប្អូនពលករខ្មែរនាពេលនេះ ធ្វើឡើងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។ ចំពោះការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនេះ រដ្ឋបាលខេត្តបានយកចិត្តទុក ដាក់មានការផ្គត់ផ្គង់នូវការស្នាក់នៅ មានចំណីអាហារ និងសម្ភារប្រើប្រាស់មួយចំនួនជូនបងប្អូនពលករផងដែរ។

ឯកឧត្ដម ក៏បានអំពាវនាវឱ្យបងប្អូនពលកររួមគ្នាការពារជំងឺកូវីដ-១៩ កុំឱ្យមានការចម្លងដល់បងប្អូនក្រុមគ្រួសារ ក៏ដូចជានៅក្នុងសហគមន៍។ ឯកឧត្ដម បន្តថា ប្រសិនបើបុគ្គលណាមិនគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលដោយចត្តាឡីស័ក១៤ថ្ងៃ ឬរត់ចេញ ឬគេចវេសពីការធ្វើចត្តាឡីស័ក នឹងត្រូវផាកពិន័យចាប់ពី២០ម៉ឺនរៀល ទៅ១លានរៀល និងទោសព្រហ្មទណ្ឌទៀតផង ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ១១:០០នាទីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ ពលករខ្មែរដែលធ្វើចំណាកស្រុកចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់មានចំនួន១០២នាក់ ៕