នៅវិមានសន្តិភាព រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក Li Yong អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) ជួបសំដែងការគួរសម និងពិភាក្សាការងារ។
លោក Li Yong បានកោតសរសើរចំពោះការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៌ និងយុទ្ធសាស្ត្រអនុវត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ UNIDO បានគៀងគរអ្នកវិនិយោគវិស័យឧស្សាហកម្មជាច្រើនមកបណ្តាក់ទុននៅកម្ពុជា ហើយការវិនិយោគទាំងនោះគឺមិនមែននាំមកនូវតែហិរញ្ញវត្ថុទេ តែក៏បាននាំមកជាមួយនូវបច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញដល់ធនធានមនុស្សនៅកម្ពុជាផងដែរ។ លោក Li yong ក៏បានស្នើសុំ អោយកម្ពុជាគួរសិក្សានិងមានយុទ្ធសាស្ត្រ ធ្វើយ៉ាងណាកុំអោយតម្លៃពលកម្មខ្ពស់ពេក ជាក់ស្តែងដូចជានៅក្នុងប្រទេសចិន ដោយសារតម្លៃពលកម្មមានតម្លៃខ្ពស់ បានធ្វើអោយអ្នកវិនិយោគផ្លាស់ប្តូរការវិនិយោគ និងធ្វើអោយប្រជាពលរដ្ឋជាង២០០លាននាក់ បាត់បង់ការងារធ្វើ។
សម្តេចតេជោ បានមានប្រសាសន៍លើកអំពីប្រទេសកម្ពុជាដែលបានឆ្លងកាត់ដំណាក់កាលនៃការអភិវឌ្ឍសេដ្ឋកិច្ច ចាប់តាំងពីយុទ្ធសាស្រ្តសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារសេរី និងមានកំណើនសេដ្ឋកិច្ចរង្វង់៧.៧%ប្រចាំឆ្នាំដូចពេលនេះ។ សម្តេចតេជោ បានលើកឡើងថា កម្ពុជាមានធនធានដើមជាច្រើន ដូចជាអង្ករ ដំឡូង និងកៅស៊ូជាដើម ដែលជាកត្តាធ្វើអោយមានតម្លៃបន្ថែមសម្រាប់វិស័យឧស្សាហកម្ម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើអោយអង្គការ UNIDO ជួយជម្រុញអ្នកវិនិយោគវិស័យឧស្សាហកម្មមកកម្ពុជាបន្ថែមទៀត និងជួយជម្រុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៌វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ របស់កម្ពុជា ស្របទៅនឹងទស្សន:វិស័យ ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នាឆ្នាំ២០៣០។ ទោះជាយ៉ាងណា សម្តេចតេជោ បានបញ្ជាក់ថា ប្រទេសកម្ពុជានៅតែ ដាក់ចេញនូវយុទ្ធសាស្រ្តនិងគោលនយោបាយជាច្រើន ដូចជាគោលនយោបាយអភិវឌ្ឍន៌ឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ តែម្តង ដែលនឹងអាចបង្កើតការងារថ្មីជាច្រើនដល់ប្រជាពលរដ្ឋដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ៕