ឯកឧត្តម ប៊ុន ហ៊ាន ចុះពិនិត្យស្ថានភាពទឹកនៅខេត្តកំពង់ធំ


នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹកនៅខេត្តកំពង់ធំ ។
លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានជម្រាបជូនឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ ថា ភ្លៀងកក់ខែដែលបានធ្លាក់ជាបន្តបន្ទាប់កន្លងមកនេះ បានធ្វើឱ្យស្ថានភាពទឹកនៅទូទាំងខេត្ត មានលក្ខណៈល្អប្រសើរ និងពុំមានតំបន់ណាមួយរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងនោះទេ ។ លោកបន្តថា ចំពោះការងារបង្កបង្កើនផលស្រូវប្រាំងវិញ ប្រជាកសិករបានប្រមូលផលរួចរាល់ជាស្ថាពរហើយ ដោយសម្រេចបានលើផ្ទៃដី ចំនួន ៤៧.០១៨ ហិកតា (តួលេខក្រៅផ្លូវការ) ពោលគឺស្មើនឹង ១០០% នៃផ្ទៃដីដែលបានដាំដុះ ។
នៅក្នុងពេលចុះពិនិត្យការងារនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់មន្ទីរ ធ្វើការគ្រប់គ្រងទឹកឱ្យបានល្អ សម្រាប់បន្តផ្គត់ផ្គង់ដល់ការងារបង្កបង្កើនផលនាពេលមុខ ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ៕