ក្រសួងទេសចរណ៍ ផ្តល់មេដាយដល់សណ្ឋាគារ និងភោជនីយដ្ឋាន ២២កន្លែងក្នុងខេត្តត្បូងឃ្មុំ មានស្នាដៃឆ្នើម ក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី


(ត្បូងឃ្មុំ)៖ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាមច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលា និងពិធីចែកពាន បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ដំណាក់កាលកូវីដ១៩ ដែលរៀបចំធ្វើឡើង នៅសាលប្រជុំ (ក) សាលាខេត្តត្បូងឃ្មុំ ។
អង្គសិក្ខាសាលានេះ មានការចូលរួម ពីសំណាក់ ក្រុមការងារមកពីក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល តំណាងអង្គការសុខភាពពិភពលោក អង្គការចលនាដើម្បីសុខភាពកម្ពុជា តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត សាលាក្រុង ស្រុក ឃុំ/សង្កាត់ និងបងប្អូនអាជីវករ ព្រមទាំងបណ្តាញអ្នកសារព័ត៌មាន ផងដែរ ។
ថ្លែងនាឱកាសនោះ ឯកឧត្តម ហោ សារុន បានមានប្រសាសន៍ថា សិក្ខាសាលានាថ្ងៃនេះ គឺដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាល ស្តីពីការត្រួតពិនិត្យថ្នាំជក់ក៏ដូចជាដើម្បីការពារសុខភាពប្រជាពលរដ្ឋ ការពារ និង ទប់ស្កាត់ ការរងផ្សែងផលិតផលថ្នាំជក់ ជាពិសេសនោះគឺបរិស្ថានគ្មានផ្សែងបារីដល់អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ នៅទូទាំងប្រទេស ។
ឯកឧត្តម ហោ សារុន បានគូសបញ្ជាក់ថា ការជ្រើសរើសវាយតម្លៃ ផ្តល់ជូនសណ្ឋាគារ/ភោជនីយដ្ឋានឆ្នើម ដែលទទួលពានបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ គឺផ្អែកទៅលើពិន្ទុនៃកម្រងសំណួរ ដែលបានរៀបចំ ឡើង ដោយមានសូចនាករ លក្ខណៈវិនិច្ឆ័យត្រឹមត្រូវ យោងទៅតាមច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានា ក្រោមច្បាប់ រួមមាន៖ អនុក្រឹត្យ ប្រកាស សារាចរ សេចក្តីណែនាំ ។-ល-។
ឯកឧត្តម ហោ សារុន បន្តថា តាមរយៈការផ្សព្វផ្សាយនេះ ម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធទាំងអស់នឹងអនុវត្តបន្តទៀតឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ អំពីផលប៉ះពាល់នៃថ្នាំជក់ ច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេសការអនុវត្តតាមការណែនាំ ស្តីពីបរិស្ថានគ្មានផ្សែងបារី ដល់អ្នកគ្រប់គ្រង និងម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលមកកន្លែងកំសាន្ត នៅក្នុងប្រទេសកម្ពុជា ទទួលបានសុខភាពល្អ និងដើម្បីជាការចូលរួមកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋ ។
ជាមួយគ្នានោះដែរ លោកជំទាវ នី ចាត់ធីតា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងទេសចរណ៍ដែលបានអនុវត្តកម្មវិធីនេះឡើង ជួយជំរុញបន្ថែមដល់វិស័យបដិសណ្ឋារកិច្ច និងទេចរណ៍ក្នុងខេត្តត្បូងឃ្មុំឈានទៅរកសេវាកម្មកាន់តែល្អប្រសើរបន្ថែមទៀត ក៍ដូចជាកោតសរសើរដល់ម្ចាស់អាជីវកម្មទាំងអស់អនុវត្តន៍បានយ៉ាងល្អទទួលបានលទ្ធផល តាមរយៈការចុះវាយតម្លៃ ទទួលបានមេដាយនាថ្ងៃនេះ និងបានជំរុញអោយមានការចូលរួមជួយផ្សព្វផ្សាយបន្តទៀត ព្រមទាំងផ្តាំផ្ញើ ម្ចាស់អាជីវកម្មទាំងអស់ត្រូវធ្វើច្បាប់សុំដំណើរការ ធ្វើអាជីវកម្ម និងចូលរួមអនុវត្តតាមការណែនាំ ស្ដីពីបរិស្ថានគ្មានផ្សែងបារីគ្រប់កន្លែងទាំងអស់ ទាំងកន្លែងធ្វើការរដ្ឋ និងឯកជន។
បើតាមលោក អឿន រឹទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ឲ្យដឹងថា ក្រុមការងារក្រសួងនិងមន្ទីរទេសចរណ៍ខេត្ត បានចុះត្រួតពិនិត្យវាយតម្លៃរួមគ្នា នៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានមួយចំនួន ដែលមានមូលដ្ឋាននៅក្នុងខេត្តត្បូងឃ្មុំនេះ ហើយជាលទ្ធក្នុងចំណោម សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន ភោជនីយដ្ឋានសរុបចំនួន៤៦កន្លែង មាន២២កន្លែង ដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ដំណាក់កាលកូវីដ-១៩នេះ៕