សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សាថ្មី​ជូនប្រជាពលរដ្ឋនៅតំបន់បឹងជម្រុក និង៦៧១ក្នុង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ


បន្ទាយមានជ័យ ៖អគារសិក្សាថ្មី២ខ្នងស្មើ១២បន្ទប់ និងទីចាត់ ការ១ខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ផ្តល់ជូនដល់ប្រជាពលរដ្ឋនៅតំបន់បឹងជម្រុក និង ៦៧១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមសាងសង់ដើម្បីសម្រាប់បម្រើឱ្យការរៀនសូត្ររបស់សិស្សានុសិស្ស នៅក្នុងតំបន់ដែលកំពុងធ្វើការអភិវឌ្ឍថ្មី​នេះ។

ពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សាថ្មីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃ១៥កើត ខែ បុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារទី២៩ ខែធ្នូ ឆ្នាំ២០២០ក្រោមវត្តមាន​ ឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម សុខ ភាពរដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ រួមនឹងក្រុមការងារនិងមានការចូលរួមសាទរពីសំណាក់ បងប្អូនប្រជាពលរដ្ឋ​យ៉ាងច្រើនក្នុងតំបន់នេះ។

ក្នុងពិធីនេះឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ បានមាន ប្រសាសន៍ថា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេស កម្ពុជាទាំងមូលមានសុខសន្តិភាពសណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ពេញផ្ទៃប្រទេស សង្គ្រាមផ្ទៃក្នុងខ្មែរនិងខ្មែរត្រូវបានបញ្ចប់ ​និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ការប្រែក្លាយតំបន់ដែលធ្លាប់តែច្បាំងវាយប្រយុទ្ធគ្នា ទៅជាតំបន់សន្តិភាព សេដ្ឋកិច្ចពាណិជ្ជកម្ម គឺដើម្បី សម្រួលជីវភាពរស់នៅ កាត់បន្ថយបាននូវភាពក្រីក្រជូនប្រជាពលរដ្ឋយើងឱ្យបានកាន់តែ ឆាប់​រហ័ស ដូច​ដែលបងប្អូនបានឃើញទាំងអស់គ្នាហើយ។ ជាក់ស្តែងដូចក្នុងតំបន់បឹងជម្រុកនិង៦៧១នេះ ដែលពីអតីតកាលជាសមរភូមិប្រយុទ្ធ តែឥឡូវនេះសម្តេចតេជោជំរុញឱ្យធ្វើការ អភិវឌ្ឍតំបន់នេះ ​ជូន​ប្រជាពលរដ្ឋប្រមាណជាង៣០០គ្រួសារ ​សំ​ដៅជំរុ​ញ​ជីវភាពរស់​ឱ្យកាន់​តែប្រសើរ​។​ឯកឧត្តមក៏បានធ្វើការអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបន្តពង្រឹងសាមគ្គីភាពឯកភាព ដើម្បីចូលរួមថែរក្សាសន្តិភាព ស្ថិរភាពសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម ឱ្យបានរឹងមាំ និងការពារសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល បាននិងកំពុងកសាងឡើង នៅតាមមូលដ្ឋាន របស់បងប្អូន។ មិនត្រូវជឿលើការញុះញង់ មួលបង្កាច់ ពីសំណាក់ជនអគតិមួយចំនួនដើម្បី​បម្រើផលប្រយោជន៍នយោបាយ និងបង្កអស្ថិរភាពក្នុងសង្គមឱ្យសោះ​។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តំណាងឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរ មូលដ្ឋាន ​បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិ ​រួមនឹង ក្រុមការងារដែលបានបញ្ចប់បញ្ហាទំនាស់ដីធ្លីក្នុងតំបន់នេះ ហើយបានជួយធ្វើការអភិ វឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទៅជូនដល់ប្រជាពលរដ្ឋ ដែលបានឆ្លើយតបចំបំណងប្រាថ្នាចង់បាន របស់ពួកគាត់នៅក្នុងមូលដ្ឋានជនបទមួយនេះ។អភិបាលខេត្តបន្ទាយមានជ័យបានបន្ថែម ថា នោះមកពីបានរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានផ្តល់សុខសន្តិ ភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងនៅទីក្រុង ទីប្រជុំជន និងរហូតដល់នៅគ្រប់ទីកន្លែង តំបន់ជនបទ​ដាច់ស្រយាល ផងដែរ៕