អភិបាលខេត្តកណ្ដាលបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ នៅសង្កាត់កំពង់សំណាញ់


កណ្ដាល ៖ នៅថ្ងៃ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ និងអ៊ុតកៅស៊ូAC ពីលើផ្លូវបេតុង ប្រវែង ៨៥០ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងពិធីបើកការដ្ឋាននេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ខេត្តកណ្តាលបច្ចុប្បន្ននេះ ពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ។ ខេត្តបាននិងកំពុងប្រឹងប្រែងកសាង ជួសជុលផ្លូវក្នុងខេត្តទាំងនៅទីក្រុង និងនៅជនបទ ឱ្យមានភាពប្រសើរឡើង។ នេះជាសកម្មភាពមួយដោយអនុវត្តន៍តាមគោលនយោបាយជាតិ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយផ្តោតសំខាន់ លើមនុស្ស ទឹក ផ្លូវ ភ្លើង។ ផ្លូវនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់អាចធ្វើដំណើឆ្លងកាត់ ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារតាមផ្លូវនេះ បានយ៉ាងងាយស្រួល។

ឯកឧត្តមអភិបាលខេត្ត ស្នើសុំបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវ មេត្តាជួយថែរក្សាផ្លូវ ចៀសវាងការកាប់កាយផ្លូវ ដែលនាំឱ្យផ្លូវឆាប់ខូចវិញ ។ ក្រៅពីនេះឯកឧត្តមក៏បានក្រើនរម្លឹកប្រជាពលរដ្ឋ សូមឱ្យមានស្មារតីប្រុងប្រយ័ត្ន នឹងជំងឺឆ្លងផ្សេងៗ និងសូមឱ្យមើលថែទាំកូនចៅតូចៗ រស់នៅប្រកបដោយអនាម័យ ផឹកស្អាត ហូបស្អាត ពិសេសរួមគ្នាអនុវត្តន៍ទៅតាមការណែនាំង របស់ក្រសួងសុខាភិបាល ដើម្បីបង្កាទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវិដ-១៩ ។ ក្រៅពីនេះក៏សូមឱ្យបងប្អូនទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសឱ្យ ឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងផ្សេងៗផងដែរ៕