កំពង់ឆ្នាំងៈសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តកំពង់ឆ្នាំង ដែលទើបសាងសង់រួចរាល់ជាស្ថាពរនោះត្រូវបានអាជ្ញាធរខេត្តប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ នូវផែថ្មីមួយនៅ តំបន់អភិវឌ្ឍន៍ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ដោយធ្វើពិធីក្រុងពាលីឆ្លងតាមទំនៀមទម្លាប់ប្រពៃណី
ព្រះពុទ្ធសាសនា ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ និងលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ឲ្យដឹងថាៈ កំពង់
ផែថ្មីដែលប្រកាសដាក់ឲ្យដំណើរការ ជាផ្លូវការនាពេលនេះ គឺគាំទ្រថវិកាដោយរាជរដ្ឋាភិបាល ផ្តល់តាមរយៈក្រសួងសាធា
រណៈការ និង ដឹកជញ្ជូន ដែលបានចាប់ដំណើរការសាងសង់ កាលពីខែមករា ឆ្នាំ២០១៧ ដែលមានទំហំធំ ៦៥២៣ម៉ែត្រ
ក្រឡា មានលក្ខណៈល្អប្រសើរជាងមុន ងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ កសិផល របស់ប្រជាកសិករ ឲ្យកាន់តែឆាប់រហ័សថែមទៀត ។ ការសាងសង់កំពង់ថ្មីនេះនឹងធ្វើអោយប្រសើរឡើងនូវ ជីវភាពរបស់ប្រជាកសិករ និង ប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍ថ្មីរបស់ខេត្ត ផងដែរ ។ កំពង់ផែថ្មីនេះ គឺស្ថិតនៅក្នុងគំរោងផែនការអភិវឌ្ឍន៍ច្រាំងទន្លេរបស់ខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងផងដែរ ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានបញ្ជាក់បន្តថា កន្លងមកខេត្តកំពង់ឆ្នាំង មានកំពង់ផែតូចចង្អៀត ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក ពិសេសគឺដឹកទំនិញកសិផលនិងការឆ្លងរថយន្ត ម៉ូតូ ប៉ុន្តែដោយសារខេត្តមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់នោះ បានធ្វើការរៀបចំនូវផែថ្មីនេះដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម បានបញ្ជាក់បន្តទៀតថាៈកត្តាសន្តិភាពពិតជាមានតម្លៃណាស់សម្រាប់ការអភិវឌ្ឍបើគ្មានសន្តិភាពទេនោះ ក៏គ្មានការអភិវឌ្ឍន៍ដែរ ។ ដូចនេះយើងត្រូវតែថែរក្សាការពារនូវអ្វីដែលមាននាពេលនេះ គឺត្រូវការពារឲ្យបាននូវសុខសន្តិភាព ដែលមាននាពេលបច្ចុប្បន្ននេះឲ្យបានគង់វង្សជារៀងរហូតដើម្បីបន្តការអភិវឌ្ឍសម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត ៕