អភិបាលខេត្តពោធិ៍សាត់៖ ក្នុងអាណត្តិនេះ ផ្លូវទាំងអស់ក្នុងឃុំអូរសោម ស្រុកវាលវែង នឹងត្រូវស្ថាបនាដោយក្រាលកៅស៊ូ


(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ក្នុងអាណត្តិនេះ ផ្លូវទាំងអស់ក្នុងឃុំអូរសោម ស្រុកវាលវែង នឹងត្រូវស្ថាបនាក្រាលកៅស៊ូដើម្បី សម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលទាំងនេះអាចធ្វើទៅបានគឺដោយសារកត្តា «សន្តិភាព»

ឯកឧត្តម  ម៉ៅ ធនិន បានថ្លែងបែបនេះ កាលពីដើមឆ្នាំ២០២១កន្លងទៅនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាឃុំភូមិ និងកងកម្លាំងប្រដាប់អាវុធ ក្នុងឃុំអូរសោម ស្រុកវាលវែង ដើម្បីណែនាំនិងដាក់ផែនការជុំវិញការងារដឹកនាំ ការងារបង្ការ និងទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ឯកឧត្តម  ម៉ៅ ធនិន បានថ្លែងទៀតថា ស្របពេលដែលផ្លូវជាតិលេខ១០ ជាចំណងដៃដ៏អាមតៈរបស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងផ្តល់ផ្លែផ្កាជូន ប្រជាពលរដ្ឋក្នុងឃុំអូរសោម តាមរយៈផ្លូវដែលតភ្ជាប់ពីចំណុចអក្សរ T ក្នុងស្រុកសំឡូត ឆ្លងកាត់ឃុំក្រពើពីរ ឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ឆ្ពោះទៅដល់ខេត្តកោះកុងនោះ លោកនឹងផ្តល់ជូនកាដូបន្ថែមថ្មីមួយទៀត ដោយស្ថាបនាតភ្ជាប់ផ្លូវពីទីប្រជុំជនឃុំអូរសោម ទៅបណ្តាភូមិនីមួយៗ ដែលមានចម្ងាយមិន លើសពី២៥គីឡូម៉ែត្រ។

ឯកឧត្តម  ម៉ៅ ធនិន បានឱ្យដឹងទៀតថា ប្រសិនបើប្រជាពលរដ្ឋ មិនចូលរួមការពារថែរក្សាព្រៃធម្មជាតិទាំងនោះទេ នោះនឹងមានតែខាតបង់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ ជុំវិញសក្តានុពលធម្មជាតិ ដែលដូនតាបន្សល់ទុកមក។ ក្នុងន័យនេះក្នុងនាមជាអាជ្ញាធរ ត្រូវពិនិត្យ និងផ្តល់លទ្ធភាពជាក់ស្តែងលើដីដែលប្រជាពលរដ្ឋអាស្រ័យផល យូរណាស់មកហើយ ដោយឡែកដីដែលកាប់រានថ្មី ត្រូវរឹបអូសយកមកវិញទោះក្នុងលក្ខខណ្ឌណាក៏ដោយ។

ជាមួយគ្នានោះ អាជ្ញាធរ ត្រូវពិនិត្យ និងកំណត់អត្តសញ្ញាណឱ្យច្បាស់ ចំពោះជនចំណាកស្រុកដែលចូលមកកាប់ទន្ទ្រានដីព្រៃ ក្នុងដែនសមត្ថកិច្ចការពារបរិស្ថាន ហើយប្រសិនបើមានប្រជាពលរដ្ឋក្នុងឃុំអូរសោម ចូលរួមក្នុងសកម្មភាពល្មើសច្បាប់ខាងលើសូមបញ្ឈប់ និងធ្វើការដកខ្លួនជាបន្ទាន់ បើពុំដូច្នោះទេនឹងប្រឈមមុខ ចំពោះផ្លូវច្បាប់។ ស្របពេលគ្នានោះអភិបាលខេត្តពោធិ៍សាត់ ក៏បានជម្រុញឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តពង្រឹង និងអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីជាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ជាក់ស្តែងដូចជាករណីឆក់ត្រីជាដើម ត្រូវបង្ក្រាបឱ្យខាងតែបាន។

នៅក្នុងឱកាសនោះដែរឯកឧត្តម ម៉ៅ ធនិន រួមដំណើរដោយលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រមទាំងប្រតិភូផ្សេងទៀត បានបន្តចុះពិនិត្យការងារបង្កបង្កើនផលបន្លែសរីរាង្គ នៅកសិដ្ឋានដាំដុះបន្លែសុវត្ថិភាព របស់ក្រុមហ៊ុន ឃុត ថាន់ដា ដែលមានផ្ទៃដីប្រមាណ ២០ហិកតា ស្ថិតក្នុងភូមិស្ទឹងតាចាន់លើ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់៕