រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ខ្ញុំចង់ឃើញពលរដ្ឋមានចំណូលខ្ពស់ មានជីវភាពធូរធា និងចូលរួមកាន់តែសកម្មក្នុងការការពារ អភិរក្សធនធានធម្មជាតិ


(ព្រះវិហារ)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្នុងនាមរដ្ឋមន្ត្រីបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលចង់ឃើញប្រជាពលរដ្ឋមានចំណូលខ្ពស់ មានជីវភាពធូរធា និងចូលរួមកាន់តែសកម្មក្នុងការការពារ អភិរក្សធនធានធម្មជាតិដែលមាននៅក្នុងមូលដ្ឋាន។

ការគូសបញ្ជាក់បែបនេះរបស់ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានធ្វើឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ នៅក្នុងឱកាសលោកបានចូលរួមវេទិកាសាធារណៈ ពិភាក្សាលើករណីប្រជាជនកាន់កាប់អាស្រ័យផលក្នុងដែនជំរកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលរៀបចំឡើងនៅទីចាត់ការដែនជម្រកសត្វព្រៃបឹងពែរ ភូមិអូពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន សមាជិកគណៈកម្មាការទី៣ នៃព្រឹទ្ធសភា និងរដ្ឋសភា អាជ្ញាធរខេត្តព្រះវិហារ និងខេត្តសៀមរាប មន្ទីរពាក់ព័ន្ធកងកម្លាំងទាំង៣។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំចង់ឃើញបងប្អូនប្រជាពលរដ្ឋមានចំណូលខ្ពស់ មានជីវភាពធូរធា ហើយនៅពេលបងប្អូនប្រជាពលរដ្ឋមានបាន នោះនឹងមានការចូលរួមកាន់តែសកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិដែលយើងមាន»

ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានណែនាំ និងពន្យល់បកស្រាយជូនដល់ប្រជាពលរដ្ឋ សូមកុំបន្តមានទំនាស់ដីធ្លី កើតឡើងបន្តទៀត គឺត្រូវចូលរួមការពារ និងអភិរក្សព្រៃឈើ សត្វព្រៃដែលមាននៅក្នុងតំបន់នោះទាំងអស់គ្នា។

ឯកឧត្តមរដ្ឋមន្រ្តី  ក៏បានសំណូមពរឱ្យប្រជាលរដ្ឋផ្លាស់ប្តូរមុខរបរដែលធ្លាប់បរបាញ់សត្វមកជាការចូលរួមចិញ្ចឹមសត្វជំនួសវិញ ព្រោះការបរបាញ់សត្វព្រៃជាអំពើល្មើសច្បាប់ ប្រឈមនិងទោសទណ្ឌចំពោះមុខច្បាប់។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ ជម្រើសជូនប្រជាពលរដ្ឋក្នុងការចិញ្ចឹមសត្វយកសាច់ដូចជាគោ ក្របី ហើយជាពិសេសនោះគឺសត្វចៀម និងពពែ ជាសត្វដែលចិញ្ចឹមក្នុងព្រៃសហគមន៍បានយ៉ាងងាយស្រួល ដោយគ្រាន់តែចំណាយពេលវេលាតិច ចំណេញច្រើន។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលបានមកចូលរួម បានសំណូមពរដល់ឯកឧត្តមរដ្ឋមន្រ្តី សូមធ្វេីការដោះដូរដីដែលបច្ចុប្បន្នពួកគាត់បានកំពុងអាស្រ័យផលលើដីសហគមន៍ និងខ្លះទៀតជាប់ដីសហគមន៍ ដោយមានសត្វព្រៃបំផ្លាញដំណាំរបស់ពួកគាត់។

ក្រោយពីពិភាក្សារួចមក ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានផ្ដល់យោបល់ល្អៗដល់ពួកគាត់ ហើយនឹងរៀបចំដីបំរុងទុកសម្រាប់ដោះដូរជូនពួកគាត់ ដោយត្រូវនៅជិតនឹងសេវាសាធារណៈ មន្ទីរពេទ្យ សាលារៀន និងវត្តអារាម ដើម្បីឱ្យពួកគាតរស់នៅដោយមានភាពងាយស្រួល។

ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ ក៏បានជំរុញឱ្យមានការកំណត់ព្រំប្រទល់តំបន់ដែនជម្រកសត្វព្រៃឱ្យបានលឿន ពង្រឹងការអប់រំប្រជាពលរដ្ឋ លើកទឹកចិត្តឱ្យកូនចៅប្រជាពលរដ្ឋបានរៀនសូត្រទាំងអស់គ្នា និងស្នើឱ្យដាំដើមឈើដែលឆាប់បានទទួលផល ដូចជា ដំណាំអាកាស្យាជាដើម៕