ដោយសារប្រទេសមានសន្តិភាពទើប ខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍន៍ទទួលបានសមិទ្ធផលថ្មីៗជាច្រើនទុកអោយមនុស្សជំនាន់ក្រោយ


កំពង់ឆ្នាំងៈ អគារសាលប្រជុំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ទើបនឹងសាងសង់រួចរាល់បានធ្វើពិធីក្រុងពលី ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល
រងខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក និង ក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងខេត្តកំពង់ឆ្នាំងចូលរួមផងដែរ ។

ពិធីក្រុងពលីបានប្រព្រឹត្តទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដោយមានការនិមន្តព្រះសិរីធម្មញាណសុខ ថាន ព្រះមេគណខេត និងមន្រ្តីសង្ឃខេត្ត ក្រុង សូត្រមន្តចម្រើនព្រះបរិតប្រោះព្រំសុំសិរីសួរស្តី សិរីមង្គលដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង សូមមានសេចក្តីសុខគ្រប់ៗគ្នា។

នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានផ្សព្វផ្សាយ អានសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំលឹកខួបលើកទី៤២ ទិវាជ័យជំនះ៧មករា ។

ឯកឧត្តមឈួរ ច័ន្ទឌឿន ក៏បានបញ្ជាក់ដែរអំពី អគារសាលប្រជុំនេះបានសាងសង់កាលពីឆ្នាំ២០១៥ សាងសង់នៅលើផ្ទៃដី ៥៦១,៩០ម៉ែត្រក្រឡា កសាងដោយថវិការដ្ឋ មានកំពស់២ជាន់ និងមានសាលប្រជុំធំទូលាយ ។ អគារសាលប្រជុំនេះ គឺជាកន្លែងដែលអាចទទួលរៀបចំប្រជុំដាក់បានប្រមាណជាង៥០០នាក់ ។ ទទួលប្រតិភូថ្នាក់ជាតិ និង ភ្ញៀវអន្តរជាតិបានល្អប្រសើរ ផងដែរ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានបញ្ជាក់ទៀតថាៈ ក្រោយថ្ងៃ៧
មករា បានកសាងអភិវឌ្ឍន៍ ក្រោមដំបូលនៃសន្តិភាព ដែលធ្វើឲ្យខេត្តកំពង់ឆ្នាំង មានការរីកចំរើនសមិទ្ធផលថ្មីៗជាច្រើនដូចបច្ចុប្បន្ននេះ សន្តិភាពពិតជាមានតម្លៃណាស់ សម្រាប់សង្គមជាតិ ដូចនេះយើងទាំងគ្នាត្រូវតែការពារឲ្យខានតែបាននូវសុខសន្តិភាពដែលមានបច្ចុប្បន្ននេះ ដែលមានសម្តេចហ៊ុន សែន ជាស្ថាបនិកក្នុងការកសាងសុខសន្តិភាពនេះ ។

នៅក្នុងឱកាសនៃពិធីឆ្លងសមិទ្ធផលអគារសាលប្រជុំនេះរដ្ឋបាលខេត្តបាននិមន្តព្រះសង្ឃ១១៥អង្គមកពីបណ្តាវត្តនានាក្នុងខេត្ត រាប់បាត្រ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ អតីតថ្នាក់ដឹកនាំមន្រ្តីរាជការក្នុងខេត្ត យុទ្ធជន យុទ្ធនារីដែលបូជាសាច់ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិ មកទទួល
យកនូវភាគផល បុណ្យកុសល្យ ដែលរដ្ឋបាលខេត្តបានធ្វើនាពេលនេះផងដែរ ។