ឯកឧត្តម វេង សាខុន អញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ៧មករា (៧មករា ១៩៧៩- ៧មករា ២០២១) និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ


ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំបានអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ៧មករា (៧មករា ១៩៧៩- ៧មករា ២០២១) ព្រមជាមួយពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុប្រធានក្រុមការងារ សមាជិក សមាជិកាក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋចំនួន២៥០នាក់ ។ ថ្លែងទៅកាន់អង្គពិធីនាឱកាសនេះ ឯកឧត្តមប្រធានបានពាំនាំនូវការផ្តាំផ្ញើសាក សួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ជូនបងប្អូនទូទាំងស្រុកតំបែរ និងជូនពរឲ្យបងប្អូនជួបតែពុទ្ធពរទាំង ៤ប្រការ ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមប្រធានបានរំលឹកដោយសង្ខេបអំពីការរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤២ នៃទិវាជ័យជំនះ ៧មករា គឺជាថ្ងៃដែលគណបក្សប្រជាជនកម្ពុជាបានរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ហើយព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ គឺជាសក្ខីភាពមួយបង្ហាញអំពីស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះកម្មាភិបាលនិងប្រជាជន ដែលបានតស៊ូ ធ្វើពលិកម្មប្រកបដោយវីរភាពដ៏អង់អាចក្លាហានដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យភាព បូរណភាពទឹកដី និងវឌ្ឍនភាព។ ៤២ ឆ្នាំបានកន្លងផុតទៅក៏ពិតមែន ប៉ុន្តែយើងមិនអាចបំភ្លេចបានឡើយនូវស្រមោលអតីតកាលដ៏ខ្មៅងងឹតដែលពោរពេញទៅដោយទុក្ខវេទនា ឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាស់ បែកបាក់គ្រួសារ សម្លាប់រង្គាល អត់អាហារ ធ្វើការហួសកំលាំង គ្មានវត្តអារាម សាលារៀន មន្ទីរពេទ្យ។ល ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ៤២ឆ្នាំ ក្រោយថ្ងៃ៧ មករា ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច សាកសមជាប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណ:ភាពទឹកដីទាំងនៅ ក្នុងតំបន់ និងលើឆាកអន្តជាតិ ( អរគុណ និងការពារសន្តិភាពជារៀងរហូត ) ។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ ដែលមានលោក ភុំ រ៉ា ជាប្រធាននិង សហការី ព្រមទាំងអាជ្ញាធរ និងសប្បុរសជនដែលបានចូលរូមសហការគ្នាទាំងកំលាំង និងថវិកា សម្រាប់ជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងឃុំ ពិសេសការសាងសង់ទីស្នាក់ការ ដែលយើងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ ។ ឯកឧត្តមប្រធាន បានស្នើឱ្យអាជ្ញាធរឃុំ និងបងប្អូនប្រជាពលរដ្ឋមេត្តាជួយថែរក្សា ការពារសមិទ្ធិផលនេះឲ្យបានគង់វង្សសម្រាប់ទុកបម្រើឱ្យសកម្មភាពបក្ស និងកិច្ចការផ្សេងទៀតក្នុងសង្គមយើងទាំងពេលបច្ចុប្បន្ន និងអនាគត ។ ជាមួយនិងពិធីចូលរួមអបអរសាទរខួបអនុស្សាវរិយ៍លើកទី៤២ ទិវាជ័យជំនះ៧មករានេះ ឯកឧត្តមប្រធានបានអញ្ជើញ កាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្សឃុំចុងជាច ដែលជាអតីតស្នាក់ការគណបក្សស្រុកតំបែរផងដែរ ។