កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០២១ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈនារសៀលថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១ លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្ដម សាន់ យូ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការសុរិយោដីខេត្ត តំណាងឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើ
ញចូលរួមពីលោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ ប្រធាន អនុប្រធានក្រុមការងារចុះបញ្ជីដីធ្លី ទាំង ០៤ក្រុម, មន្ត្រីផ្នែក GIS, មន្ត្រីកំណត់ព្រំ, មន្ត្រីវាស់វែង, មន្ត្រីវិនិច្ឆ័យ និងមន្ត្រីការិយាល័យរដ្ឋបាល LASSP នៃការិយាល័យកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី
សរុបចំនួន ៤៩ រូប ស្រី ០៨រូប។

តាមរបាយការណ៍របស់លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំងបានអោយដឹងថាៈជាលទ្ធផលចំបងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ឆ្នាំងសម្រេចបាន ២១៥/៥៦៩ ភូមិ ២៩/៧០ ឃុំ ស្ថិតក្នុងស្រុកបរិបូណ៌ ស្រុករលាប្អៀរ ស្រុកទឹកផុស ស្រុកសាមគ្គីមានជ័យ និងក្រុងកំពង់ឆ្នាំង ដោយចុះបញ្ជីបានចំនួន ២៧៤ ៦០៧ ក្បាលដី ស្មើនឹង ៣៩,២៣% នៃចំនួនប៉ាន់ស្មានសរុប ៧០០ ០០០ ក្បាលដី ។បច្ចុប្បន្ន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង មានក្រុមចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចំនួន ៤ ក្រុម មានមន្ត្រីសរុប ៤៤ នាក់។ ក្នុងឆ្នាំ២០២០នេះ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត សម្រេចលទ្ធផលដូចខាងក្រោមៈ
• ប្រកាសតំបន់វិនិច្ឆ័យ បាន ២៨ ភូមិ នៃផែនការ ៣០ ភូមិ ស្មើ ៩៣,៣៣ %
• ប្រមូលទិន្នន័យ បាន ២៧ ៨៩៦ ក្បាលដី ផែនការ ៣៦០០០ ក្បាលដីស្មើ ៧៧,៤៩%
• បញ្ចូលទិន្នន័យ បាន ២៥ ៩២២ ក្បាលដី ផែនការ ៣៦០០០ ក្បាលដីស្មើ ៧២,០១%
• វាស់វែង បាន ២៩ ១២៤ ក្បាលដី ផែនការ ៣៦០០០ ក្បាលដីស្មើ ៨០,៩០%
• គូរក្រាហ្វិច បាន ២៧ ៣៦៤ ក្បាលដី ផែនការ ៣៦០០០ ក្បាលដីស្មើ៧៦,០១%
• បិទផ្សាយ បាន ១៨ ភូមិ ផែនការ ៣០ ភូមិ ស្មើ ៥០,០០ %
• ចុះហត្ថលេខា បាន ៣៤ ៩៩០ បណ្ណ ផែនការ ៣៦០០០ បណ្ណស្មើ ៩៧,១៩%
• ចែកបណ្ណរួច បាន ៣៤ ៨៦៦ បណ្ណ ផែនការ ៣៦០០០ បណ្ណស្មើ ៩៦,៨៥%

លទ្ធផលនៃការជម្រះឯកសារដែលត្រូវប្រថាប់ត្រាពន្ធសូន្យដែលមានចំនួន ២០ ៤២៣ បណ្ណ គឺៈ
• បានបញ្ជូនទៅសាខាពន្ធដារខេត្តសរុប ចំនួន ១៩ ៦៥៦ បណ្ណ
o បានប្រថាប់ត្រារួច ទទួលយកមកវិញ អាចចេញបណ្ណបាន ចំនួន ១៩ ៦៣៨ បណ្ណ
o ឯកសារខ្វះខាត មិនទាន់ប្រថាប់ត្រាពន្ធសូន្យមកពីពន្ធដារ ចំនួន ៦៦៧ បណ្ណ
o មិនទាន់បានប្រថាប់ត្រា សល់នៅសាខាពន្ធដារខេត្ត ចំនួន ១៨ បណ្ណ
• ឯកសារខ្វះខាតមិនទាន់បានប្រថាប់ត្រាពន្ធសូន្យ នៅមន្ទីរ ចំនួន ៧៦៧ បណ្ណ
• ប្រថាប់ត្រារួច និងបានចែកជូនដល់ដៃប្រជាពលរដ្ឋ ចំនួន ១៧ ៨០៨ បណ្ណ

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម សាន់ យូ បានថ្លែងនូវការកោតសរសើរដល់លោកលី សុភាប្រធានមន្ទីរនិងថ្នាក់ដឹកនាំមន្ទីរព្រមទាំងមន្រ្តីរាជការទាំងអស់ជាពិសេសក្រុមចុះបញ្ជីដីធ្លី មានលក្ខណ:ជាប្រព័ន្ធទាំង ០៤ ក្រុមរបស់មន្ទីរដែលបានខិតខំយកចិត្តទុកដាក់បំរើសេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលានិងសម្រេចបាននូវលទ្ធផលល្អស្របតាមផែនការសកម្មភាពរបស់មន្ទីរ រដ្ឋបាលខេត្តនិងក្រសួងដែលបានដាក់ចេញក្នុងឆ្នាំ ២០២០ កន្លងមក។
ឯកឧត្តមសាន់ យូ ក៏បានផ្តាំផ្ញើដល់ថ្នាក់នាំមន្ទីរនិងមន្រ្តីរាជការទាំងអស់នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំងបន្តអនុវត្តអោយបានតាមតួនាទីនិងភារកិច្ចរបស់ខ្លួនស្របតាមនិតិវិធីច្បាប់ជាពិសេសត្រូវរួមគ្នាបន្តដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ក្នុងឆ្នាំ២០២០និងបន្តសម្រេចអោយបានផែនការសកម្មភាពដែលមន្ទីរបានដាក់ចេញឆ្នាំ២០២១នៅថ្ងៃនេះ។
ចុងបញ្ចប់ឯកឧត្តមសាន់ យូ និងលោក លី សុភា បានផ្តល់ថវិកាលើកទឹកចិត្តដល់ក្រុមចុះបញ្ជីដីធ្លី មានលក្ខណ:ជាប្រព័ន្ធដែលមានស្នាដៃល្អរបស់មន្ទីរផងដែរ៕