ឯកឧត្តម ឈួរ ច័ន្ទឌឿន និង លោកជំទាវ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១


កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃទី ១១ មករា ឆ្នាំ ២០២១ មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានរៀបចំបើក បវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ នៅសាលាអនុវិទ្យាល័យ និង បឋមសិក្សាគិរីសុវណ្ណវង្ស ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងមានការចូលរួមពី ប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សផងដែរ។

លោក គិត មិនារិទ្ធ អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាបានឡើងអានសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានខ្លឹមសារថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននឹងផ្តល់អាទិភាព លើវិស័យអប់រំនិងសុខាភិបាលបន្ទាប់ពីកម្ពុជាបានទទួលផលពីដំណក់ប្រេងដំបូង។ សូមបន្តលើកកម្ពស់សុខភាពអនាម័យ ក្នុងបរិបទកូវីដ១៩ ដោយអនុវត្តតាមអភិក្រម៣ការពារ ៣កុំ ជាពិសេសចូលរួមទប់ស្កាត់ការឆ្លងកូវីដ១៩ ក្នុងគ្រឹះស្ថានសិក្សាការអប់រំពីសុវត្ថិភាព សុខភាព សិក្សា ការរក្សាគម្លាត១,៥ម៉ែត្រនិងសុវត្ថិភាពចំណីអាហារជាប់ជាប្រចាំ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានប្រសាសន៍ថាៈ ឆ្នាំសិក្សាថ្មីនេះសូម លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ចូលរួមបង្ការទប់ស្កាត់ ការរីករាល រាលដាលនៃជំងឺកូវីដ ១៩ ដោយអនុវត្តអោយបាននូវ វិធានការអនា
ម័យ ការពាក់ម៉ាស លាងសម្អាត់ដៃ កំចាត់មេរោគ និង អនុវត្តអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល អោយបានជាប្រចាំ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានផ្តាំផ្ញើ ដល់សិស្សានុសិស្សទាំងអស់ អោយខិតខំរៀនសូត្រ ជៀសអោយឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង អប់រំខ្លួន អោយ ក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ជាធនធានមនុស្សដ៏ប្រពៃ ដើម្បីទទួលបានចំណេះដឹងបន្តវេនកសាងសង្គមជាតិ អោយកាន់តែទទួលបានសមិទ្ធផលថ្មីថែមទៀតទៅថ្ងៃអនាគត ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន និង លោកជំទាវ បានឧបត្ថម្ភថវិកាចំនួន១លានរៀន រួមនិង ម៉ាស់ សម្ភារៈសិក្សា និង សារុងដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សផងដែរ។