អភិបាលខេត្តកណ្តាល អញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ


កណ្តាល នៅថ្ងៃ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមក្រុមប្រឹក្សាខេត្ត មន្ទីរជុំវិញខេត្ត និង លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ជាច្រើននាក់។

 

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអានសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញសារអបអរសាទរ និងបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២០-២០២១ ។ ក្នុងសារបើកបវេសនកាលនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីចំណាប់អារម្មណ៍ចំពោះការសិក្សានៅកម្ពុជាក្នុងយុគសម័យកូវីដ-១៩ ដែលបានកើតមាននៅក្នុងប្រទេសកម្ពុជារយៈពេលមួយឆ្នាំកន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អាណាព្យាបាលសិស្ស សប្បុរសជន គណៈគ្រប់គ្រងសាលា ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាង ដើម្បីធានាដល់ដំណើរការ នៃការអប់រំក្នុងបរិបទកូវីដ-១៩។

គួរបញ្ជាក់ថា ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១នេះ ជាកាលកំណត់នៃការបើកបវេសន កាលសម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា ។ ពេលវេលានៃការបើកបវេសនកាលនៅឆ្នាំនេះ ត្រូវបានពន្យារពេលមកដល់ខែមករា ព្រោះតែការរាតត្បាតនៃជំងឺកូវីដ-១៩ ៕