អភិបាលខេត្តបាត់ដំបង បានប្រគល់ឱសថដល់មន្ទីរពេទ្យស្នងការដ្ឋាននគរបាលខេត្ត


នៅរសៀលថ្ងៃ១៤រោច ខែបុស្ស ឆ្នាំជូត ទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រគល់ឱសថជាច្រើនមុខ ដល់មន្ទីរពេទ្យស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង។

ក្នុងពិធីប្រគល់-ទទួលឱសថនេះមានវ​ត្តមានលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក លោកស្រីជាស្នងការរង ព្រមទាំងកងកម្លាំងនគរបាលជាច្រើនរូបផងដែរ ។

ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ក្នុងពិធីប្រគល់-ទទួលឱសថនេះថា នៅថ្ងៃនេះ ក្នុងនាមរដ្ឋ​បាលខេត្តបាត់ដំបង ក៏ដូចក្នុងនាមឯកឧត្តមផ្ទាល់បានធ្វើការប្រគល់ឱសថមួយចំនួនដល់មន្ទីរពេទ្យ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលទើបនឹងចាប់ផ្តើមដំណើរការពិនិត្យនិងព្យាបាលជំងឺមិនត្រឹមតែកងកម្លាំងនគរបាលប៉ុណ្ណោះទេ តែមន្ទីរពេទ្យនេះបានទទួលពិនិត្យនិងព្យបាលជំងឺជូនប្រជាពលរដ្ឋទូទៅផងដែរ ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ឯកឧត្តមនឹងបន្តផ្តល់នូវឱសថព្រមទាំងសម្ភារ បរិក្ខារ និងមធ្យោ​បាយផ្សេងៗទៀត ជូនដល់មន្ទីរពេទ្យនេះដើម្បីរួមចំណែកធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យបានដំ​ណើរ​ការ​បម្រើសេវាពិនិត្យនិងព្យាបាលជំងឺជូនកងកម្លាំងនគរបាល ​និងប្រជាពលរដ្ឋបានល្អប្រ​សើរប្រកបដោយប្រសិទ្ធភាព៕